ផលទាយកវិមានទី ៣
( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មាន សសរធ្វើដោយកែវមណី មានទំហំជុំវិញ ១២ យោជន៍ មាន កំពូល ៧០០ ដ៏ឱឡារិក ដែលមានសសរជាវិការៈនៃកែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះដ៏ល្អ ខ្លួនអ្នកតែងអាស្រ័យ នៅ ក្រេបផឹក ទំពាស៊ី ក្នុងវិមាននោះ ពិណទិព្វ ក៏លាន់ឮ ពីរោះ មានស្រីទិព្វកញ្ញាចំនួន ៨ នាក់ ៨ ដង ( ៦៤ នាក់ ) មានរូបល្អលើសលុប បានហាត់ហើយ ត្រាច់ចរក្នុងឋានត្រៃ ត្រិង្ស រាំ ច្រៀង សប្បាយរីករាយ អ្នកបានសម្រេចនូវទេវឫទ្ធិ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបាន ធ្វើបុញ្ញកម្មដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំង សម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ឆ្លើយប្រាប់នូវផលនៃបុញ្ញកម្មនេះថា បុគ្គលអ្នកឲ្យផ្លែឈើ ( មានផ្លែស្វាយជាដើម ) រមែងបានផល ច្រើន ព្រោះថាបុគ្គលនោះមានចិត្តជ្រះថ្លា ឲ្យទានចំពោះបុគ្គល អ្នកមានចិត្តត្រង់ទាំងឡាយ រមែងដល់នូវឋានសួគ៌ រីករាយក្នុង ទេវលោក សោយនូវផលបុណ្យដ៏ច្រើន បពិត្រមហាមុនី ខ្ញុំ បានឲ្យនូវផល គឺផ្លែស្វាយ ៤ យ៉ាងនេះដែរ ព្រោះហេតុនោះ មនុស្សអ្នកត្រូវការសេចក្តីសុខជានិច្ច ប្រាថ្នានូវសេចក្តីសុខទាំងឡាយជាទិព្វ ឬក៏ប្រាថ្នានូវភាពជាអ្នកមានជោគល្អ ក្នុងមនុស្ស គួរឲ្យផ្លែឈើ ។ សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។