កុណ្ឌលីវិមានទី ៨

ក្បាលទី 39 · ទំព័រ 636

( ព្រះមោគ្គល្លានសួរថា ) អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់ នូវកម្រងផ្កា ស្លៀកដណ្តប់ល្អ មានប្រដាប់ត្រចៀកល្អ មានសក់និងពុកចង្កា កាត់កោរហើយ មានអាភរណៈសម្រាប់ដៃពាក់ហើយ ជាអ្នកមានយសរុងរឿង ក្នុងទិព្វវិមាន ដូចចន្ទទេវបុត្ត ពិណទិព្វក៏លាន់ឮពីរោះ ពួកទិព្វកញ្ញា ៨ នាក់ ៨ ដង ជាអ្នកហាត់ហើយ មានរូបល្អ ត្រាច់ចរទៅក្នុងឋានតាវត្តិង្ស យ៉ាងឱឡារិក រាំ ច្រៀង រីករាយសប្បាយ អ្នកបានដល់នូវឫទ្ធិនៃទេវតា ជា បុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នក មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើ ដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួកសមណៈ អ្នកមានសីល បរិបូណ៌ដោយវិជ្ជានិងចរណៈ ជាអ្នកមានយស ជាពហុស្សូត ដល់នូវការអស់ទៅនៃតណ្ហាក៏មានចិត្តជ្រះថ្លាបាន ប្រគេនបាយនិងទឹកជាទានដ៏ធំទូលាយដោយគោរព ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។