ទុតិយកុណ្ឌលីវិមានទី ៩

ក្បាលទី 39 · ទំព័រ 640

( ព្រះមោគ្គល្លានសួរថា ) អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់ កម្រងផ្កា ស្លៀកដណ្តប់ល្អ មានគ្រឿងប្រដាប់ត្រចៀកល្អ មានសក់និងពុកចង្កា កាត់កោរហើយ មានអាភរណៈសម្រាប់ដៃ ពាក់ហើយ ជាអ្នកមានយសរុងរឿង ក្នុងទិព្វវិមាន ដូចជាចន្ទទេវបុត្ត ពិណទិព្វក៏លាន់ឮពីរោះ ពួកទិព្វកញ្ញា ៨ នាក់ ៨ ដង ជាអ្នកហាត់ហើយ មានរូបល្អ ត្រាច់ចរទៅក្នុងឋាន តាវត្តិង្សយ៉ាងឱឡារិក រាំ ច្រៀង រីករាយសប្បាយ អ្នកបានដល់នូវឫទ្ធិនៃ ទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យ អ្វី អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញសមណៈទាំងឡាយមាន សភាពរមទម បរិបូណ៌ដោយវិជ្ជានិងចរណៈ ជាអ្នកមានយស ជាពហុស្សូត អ្នកមានសីលដ៏ស្អាត ក៏មានចិត្តជ្រះថ្លា បានប្រគេននូវបាយនិងទឹក ជាទានដ៏ ធំទូលាយ ដោយគោរព ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។