អដ្ឋកថា ឧត្តរវិមានទី ១០
ឧត្តរវិមាន មានពាក្យផ្តើមថា យា ទេវរាជស្ស សភា សុធម្មា ដូច្នេះជាដើម ។ ឧត្តរវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគបរិនិព្វានហើយ ចែកព្រះបរមធាតុគ្នាហើយព្រះស្តូប ទាំងឡាយ បានប្រតិស្ឋានទុកក្នុងនគរនោះៗ កាលព្រះមហាថេរៈ មាន ព្រះមហាកស្សបជាប្រធាន ជ្រើសរើសព្រះថេរៈដែលជាព្រះអរហន្ត ដើម្បី សង្គាយនាព្រះធម៌ព្រះវិន័យហើយ កាលព្រះថេរៈដទៃៗ និងបរិស័ទរបស់ខ្លួន នៅក្នុងទីនោះៗរហូតចូលវស្សា ព្រះកុមារកស្សបៈមួយអន្លើដោយភិក្ខុ ៥០០ និមន្តដល់សេតព្យនគរ សម្រាកក្នុងសីសបាវន ( ព្រៃធ្នង់ ) ។ កាលនោះ ស្តេចបាយាសិ ( ស្តេចនគរសេតព្យៈ ) បានឮថា ព្រះថេរៈនៅក្នុងទីនោះ មាន ពួកជនជាច្រើនចោមរោម ចូលទៅរកព្រះថេរៈ ធ្វើបដិសណ្ឋារៈហើយ គង់ ប្រកាសទិដ្ឋិរបស់ខ្លួន ព្រះថេរៈកាលប្រកាសថា បរលោកមាន ដោយឧទាហរណ៍ មានព្រះចន្ទនិងព្រះអាទិត្យជាដើម ហើយសម្តែងបាយាសិសូត្រដែល វិចិត្រដោយន័យផ្សេងៗ ប្រដាប់ដោយហេតុនិងឧបមាច្រើនយ៉ាង ដោះនូវ កំនួចទិដ្ឋិ ធ្វើបាយាសិរាជនោះឲ្យតាំងនៅក្នុងទិដ្ឋិសម្បទា ដល់ព្រមដោយការ ឃើញត្រូវ ។ ស្តេចបាយាសិនោះ មានទិដ្ឋិបរិសុទ្ធហើយ កាលនឹងឲ្យទានដល់សមណ ព្រាហ្មណ៍ក្រីក្រ អ្នកដំណើរជាដើម ក៏ឲ្យតែរបស់អន់ៗ គឺបាយចុងអង្ករនិង ទឹកជ្រក់គ្រាន់តែបំបាត់ការឃ្លាន និងសំពត់សាច់គ្រោតគ្រាត ព្រោះខ្លួនមាន អធ្យាស្រ័យមិនឧឡារ គឺចិត្តចង្អៀត ដូច្នោះទើបឲ្យទានមិនគោរព កាលបែក កាយទម្លាយខន្ធ បានកើតក្នុងពួកទេវតាជាន់ទាប គឺនៅរួមជាមួយពួកទេវតា ជាន់ចាតុម្មហារាជ ។