ចិត្តសគាវិមានទី ១

ក្បាលទី 39 · ទំព័រ 648

( ព្រះមោគ្គល្លានសួរថា ) ព្រៃចិត្តលតា ជាឱទ្យានដ៏ប្រសើរ ឧត្តម របស់ពួកទេវតា រុងរឿង មានឧបមាយ៉ាងណា វិមានរបស់អ្នកនេះ ក៏ភ្លឺរុងរឿង ឋិតនៅនាអាកាស មានឧបមេយ្យយ៉ាងនោះដែរ អ្នកដល់នូវឫទ្ធិនៃ ទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យ អ្វី អ្នកមានអានុភាពរុងរឿងយាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកកម្សត់ ឥតទីពឹង កំព្រាជា កម្មករ ( អ្នកធ្វើការឈ្នួល ) បានចិញ្ចឹមមាតាបិតាដែលចាស់ជរាផង អ្នក មានសីលទាំងឡាយក៏ជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លាបានឲ្យនូវបាយ និងទឹកដែលជាទានធំទូលាយ ដោយគោរព ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ។