នន្ទនវិមានទី ២
ក្បាលទី 39 · ទំព័រ 651
( ព្រះមោគ្គល្លានសួរថា ) ព្រៃចិត្តលតា ជាឧទ្យានដ៏ប្រសើរ ឧត្តមរបស់ពួកទេវតាជាន់តាវត្តិង្ស រុងរឿង មានឧបមាយ៉ាងណា វិមាន របស់អ្នកនេះក៏រុងរឿង ឋិតនៅនាអាកាសក៏មានឧបមេយ្យដូច្នោះដែរ អ្នកដល់ នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាមនុស្សកម្សត់ ឥតទីពឹង កំព្រាជាកម្មករ ( អ្នកធ្វើការឈ្នួល ) បានចិញ្ចឹមមាតាបិតាដែលចាស់ជរាផង ពួកអ្នកមានសីលជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យនូវបាយនិង ទឹកដែលជាទាន ធំទូលាយដោយគោរព ។ ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។