អដ្ឋកថា នន្ទនវិមានទី ២
នន្ទនវិមាន មានពាក្យផ្តើមថា យថា វនំ នន្ទនំ បភាសតិ ដូច្នេះជាដើម ។ នន្ទនវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ រឿងទាំងអស់ផ្តើមតាំងអំពីពាក្យថា ព្រះដ៏មានព្រះភាគគង់នៅក្នុង វត្ត ជេតពនក្រុងសាវត្ថី សម័យនោះក្នុងក្រុងសាវត្ថី មានឧបាសកម្នាក់ ដូច្នេះ ដូចគ្នា នឹងវិមានដែលកន្លងមកនោះឯងផ្សេងគ្នាត្រឹមតែ ឧបាសកនេះ មានភរិយា ហើយចិញ្ចឹមមាតាបិតា ។ ព្រះមហាមោគ្គល្លានត្ថេរ បានសាកសួរទេវបុត្តដល់កម្មដែលធ្វើ ដោយ គាថាទាំងនេះថា ព្រៃចិត្តលតា ជាឧទ្យានដ៏ប្រសើរឧត្តមរបស់ពួកទេវតាជាន់តាវត្តិង្ស រុងរឿង មានឧបមាយ៉ាងណា វិមានរបស់អ្នកនេះ ក៏ រុងរឿង ឋិតនៅនាអាកាសក៏មានឧបមេយ្យ ដូច្នោះដែរ អ្នកដល់ នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាល កើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នកមានអានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយ បុណ្យអ្វី ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាមនុស្សកម្សត់ ឥត ទីពឹង កំព្រា ជាកម្មករ ( អ្នកធ្វើការឈ្នួល ) បានចិញ្ចឹម មាតាបិតាដែលចាស់ជរាផង ពួកអ្នកមានសីលជាទីស្រឡាញ់ នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យនូវបាយនិងទឹកដែលជាទាន ធំទូលាយ ដោយគោរព ។ ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្ត បានព្យាករគាថាទាំងឡាយ ដោយប្រការដូច្នេះ ក្នុងគាថាទាំងនោះ ពាក្យដែលមិនធ្លាប់អធិប្បាយមិនមាន គឺមានហើយខាងដើមនោះ ឯង ។