មណិថូណវិមានទី ៣

ក្បាលទី 39 · ទំព័រ 654

( ព្រះមោគ្គល្លានសួរថា ) វិមានដ៏ខ្ពស់នេះ មានសសរកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរ កែវពិទូរ្យដែលក្រាលកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ អ្នកឋិតនៅ ផឹកស៊ី ក្នុងវិមាននោះ ពិណជាទិព្វ លាន់ឮពីរោះ កាមគុណ ៥ មានរសជាទិព្វ មាន ក្នុងវិមាននេះផង ពួកនារីដែលប្រោះព្រំដោយគ្រឿងមាស រាំក្នុងវិមាននេះផង សម្បុររបស់អ្នកប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអ្វី ។ បេ ។ ទាំងសម្បុរ របស់អ្នកក៏ភ្លឺច្បាស់សព្វទិស ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានកសាងទីចង្រ្កម ត្រង់ផ្លូវព្រៃ ផង ដាំដើមឈើជាសួនច្បារផង ពួកអ្នកមានសីល ជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យនូវបាយនិងទឹក ដែលជាទានដ៏ធំទូលាយដោយគោរព ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ។