អដ្ឋកថា អនេកវណ្ណវិមានទី ៨

ក្បាលទី 39 · ទំព័រ 693

អនេកវណ្ណវិមាន មានពាក្យផ្តើមថា អនេកវណ្ណំ ទរសោ - កនាសនំ ដូច្នេះ ជាដើម ។ អនេកវណ្ណវិមាន មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារជេតពន នាក្រុងសាវត្ថី សម័យ នោះ ព្រះមហាមោគ្គល្លានត្រាច់ចារិកទៅក្នុងទេវលោក តាមន័យដែលពោល ហើយខាងដើមនោះឯង បានទៅកាន់ឋានសួគ៌ជាន់តាវត្តិង្ស ។ គ្រានោះទេវបុត្រ ដែលមានរស្មីមិនមែនតិច ឃើញព្រះមហាមោគ្គល្លាន កើតនូវសេចក្តី គោរពរាប់អានច្រើន ចូលទៅរកហើយឈរផ្គងអញ្ជលី ព្រះថេរៈសួរដល់កម្ម ដែលទេវបុត្រធ្វើ ដោយបំណងឲ្យទេវបុត្រប្រកាសសម្បត្តិ ដែលបានហើយ ដូច្នេះថា អ្នកមានពួកស្រីអប្សរហែហមហើយឡើងកាន់វិមាន ដែលមាន ពណ៌ដ៏ច្រើន ជាទីធ្វើនូវសេចក្តីក្រវល់ក្រវាយនិងសេចក្តីសោក ឲ្យវិនាស មានរូបវិចិត្រច្រើនប្រការ សប្បាយរីករាយ ដូចទេវរាជ ឈ្មោះសុនិម្មិត ទេវបុត្តដែលប្រហែលស្មើដោយអ្នក ក៏មិន មាន ( ចំណង់បើ ) ទេវបុត្តដែលប្រសើរលើសដោយយស ផង បុណ្យផង ឫទ្ធិផង នឹងមានមកពីណា ពួកទេវតាក្នុងជាន់ តាវត្តិង្សទាំងអស់ ប្រជុំគ្នានមស្ការអ្នក ដូចទេវតា និងមនុស្ស នមស្ការ នូវចន្ទទេវបុត្ត ដែលមានស្នាមរូបទន្សាយ ក្នុងវង់ ដូច្នោះ ស្រីអប្សរទាំងឡាយនេះ តែងរាំច្រៀង រីករាយជុំវិញ អ្នក អ្នកបានដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នកមានអានុភាព រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិសតើ ដោយបុណ្យអ្វី ។