មហាវិភង្គ ចតុត្ថភាគ
និង ភិក្ខុនីវិភង្គ បច្ចេកភាគ ៤ បាលីប្រែ ៤-៥ បោះពុម្ពលើកទី ១ ពុទ្ធសករាជ ២៥៥៣ សុរាបនវគ្គ សិក្ខាបទទី ១ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់ពុទ្ធដំណើរទៅកាន់ ចារិកក្នុងចេតិយជនបទ ហើយយាងទៅកាន់ស្រុកភទ្ទវតិកា ។ ពួកអ្នក ឃ្វាលគោ ពួកអ្នកឃ្វាលបសុសត្វ ( សត្វសម្រាប់ចិញ្ចឹមជាអាហារ ) ពួក អ្នកស្រែ ពួកអ្នកដើរផ្លូវ បានឃើញព្រះដ៏មានព្រះភាគយាងមកអំពីចម្ងាយ លុះឃើញហើយ ក៏នាំគ្នាក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ កុំយាងទៅកាន់កំពង់ឈ្មោះអម្ពៈឡើយ បពិត្រព្រះអង្គដ៏ចម្រើន នាគមានឫទ្ធិ ជាសត្វអាសិរពិស មានពិសដ៏ក្លៀវក្លា អាស្រ័យនៅក្នុងអាស្រមរបស់ជដិល ទៀបកំពង់ឈ្មោះអម្ពៈ កុំឲ្យនាគនោះ បៀតបៀនព្រះដ៏មានព្រះភាគបានឡើយ ។ កាលពួកជនទាំងនោះក្រាបទូល យ៉ាងនេះហើយ ព្រះទ្រង់ជោគជាម្ចាស់ក៏ស្ងៀម ។ ពួកអ្នកឃ្វាលគោ អ្នក ឃ្វាលបសុសត្វ អ្នកស្រែ អ្នកដើរផ្លូវ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏ មានព្រះភាគជាគម្រប់ពីរដងផង ។ បេ ។ បីដងផងថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គកុំយាងទៅកាន់កំពង់អម្ពៈឡើយ បពិត្រព្រះអង្គដ៏ចម្រើន ( ព្រោះមាន ) នាគមានឫទ្ធិ ជាសត្វអាសិរពិស មានពិសដ៏ក្លៀវក្លា អាស្រ័យនៅក្នុង អាស្រមរបស់ជដិល ទៀបកំពង់អម្ពៈ កុំឲ្យនាគនោះបៀតបៀនព្រះដ៏មានព្រះភាគ បានឡើយ ។ ព្រះដ៏មានព្រះភាគក៏ទ្រង់ស្ងៀម ជាគម្រប់បីដង ។ លំដាប់ នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកដោយលំដាប់ ក៏បាន