បរិមណ្ឌលវគ្គ
សារុប្បមាន ២៦ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលសម្រេចឥរិយាបថ នៅក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ឯង ពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់ ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ ។ មនុស្ស ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជា សក្យបុត្រ មិនសមបើនឹងស្លៀកស្បង់ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ ដូចជា ពួកគ្រហស្ថដែលជាអ្នកបរិភោគកាមសោះ ។ ភិក្ខុទាំងឡាយ បានឮមនុស្ស ទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ពួកភិក្ខុណាដែលមាន សេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា គួរបើដែរពួកឆព្វគ្គិយភិក្ខុហានស្លៀកស្បង់ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ ។ ខណៈនោះ ភិក្ខុទាំងនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរចំពោះទៅពួកឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ ស្លៀកស្បង់ស្លុយមុខខ្លះ ស្លុយក្រោយខ្លះ ពិតមែនឬ ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធដ៏មានជោគ ទ្រង់ត្រាស់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបើនឹងស្លៀកស្បង់ឲ្យស្លុយមុខខ្លះ ស្លុយក្រោយ ខ្លះទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះ នឹងបាននាំឲ្យជ្រះថ្លាដល់ជន ទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំឲ្យរឹងរឹតតែជ្រះថ្លាដល់ជនទាំងឡាយដែល ជ្រះថ្លារួចហើយ ក៏ទេដែរ ។