ឧជ្ជគ្ឃិកវគ្គទី ២

ក្បាលទី 4 · ទំព័រ 348

បទថា ឧជ្ជគ្ឃិកាយ គឺសើចមានសំឡេងខ្លាំង ក្នុងបទថា ឧជ្ជគ្ឃិកាយ នេះ ជាតតិយាវិភត្តិ ដោយន័យដូចពោលហើយដូចគ្នា ។ ក្នុងបទថា អប្បសទ្ទោ អន្តរឃរេ នេះ មានវិនិច្ឆ័យដូច្នេះ ថា ដែលហៅថា ជាអ្នកមានសំឡេងតិច ដោយប្រមាណបុនណា បណ្តាព្រះថេរៈ ទាំងឡាយដែលអង្គុយក្នុងផ្ទះទំហំ ១២ ហត្ថយ៉ាងនេះ គឺព្រះសង្ឃត្ថេរ អង្គុយខាងដើម ព្រះថេរៈអង្គទី ២ អង្គុយត្រង់កណ្តាល ព្រះថេរៈអង្គទី ៣ អង្គុយខាងចុង ព្រះសង្ឃត្ថេរប្រឹក្សាជាមួយព្រះថេរៈទី ២ ព្រះថេរៈទី ២ ស្តាប់សំឡេង និងកំណត់ពាក្យសម្តីរបស់ព្រះសង្ឃត្ថេរនោះបាន ។ ចំណែក ព្រះថេរៈអង្គទី ៣ ឮតែសំឡេង កំណត់អត្ថមិនបាន ។ ដោយប្រវែងប្រមាណ បុណ្ណេះ រាប់ថា ជាអ្នកមានសំឡេងតិច ។ តែបើព្រះថេរៈអង្គទី ៣ កំណត់ ពាក្យសម្តីបាន ឈ្មោះថា ជាអ្នកមានសំឡេងខ្លាំង ដូច្នេះ ។ ពីរបទថា កាយំ បគ្គហេត្វា សេចក្តីថា ភិក្ខុគប្បីដើរ និង គប្បីអង្គុយមិនគ្រលែងកាយ គឺដោយកាយត្រង់ ដោយឥរិយាបថរេបោរយ ។ ពីរបទថា ពាហុំ បគ្គហេត្វា គឺដាក់ដៃឲ្យស្ងៀម មិនកម្រើក ។ ពីរបទថា សីសំ បគ្គហេត្វា គឺតាំងក្បាល មិនងាកទៅ ងាកមក បានដល់ ឲ្យត្រង់ ( មិនអង្គុយបត់ក ) ។