បទុកាវគ្គទី ៧

ក្បាលទី 4 · ទំព័រ 358

បទថា អក្កន្តស្ស បានដល់ អ្នកឈរជាន់ទ្រនាប់ជើង តែម្យ៉ាង មិនបានសកចង្វែកជើងចូលក្នុងខ្សែទ្រនាប់ជើងដូចដងឆត្រ ។ បទថា បដិមុក្កស្ស គឺអ្នកឈរពាក់ទ្រនាប់ជើង ។ សូម្បី ក្នុងស្បែកជើង ក៏មានន័យដូច្នោះឯង ។ ក្នុងបទថា ឱមុក្កោ នេះ ត្រាស់ ហៅបុគ្គលដែលឈរពាក់ស្បែកជើងក្រវាត់កែង ។ ក្នុងបទថា យានគតស្ស នេះ បើបុគ្គលដែលត្រូវជន ២ នាក់សែងទៅដោយប្រទាក់ដៃគ្នាក្តី ដែលគេទុកលើសំពត់ ហើយប្រើស្មាសែង ទៅក្តី អ្នកដែលអង្គុយលើយាន ដែលមិនបានទឹម មានគ្រែស្នែងជាដើមក្តី អ្នកអង្គុយលើយានដែលគេរុះរើចេញ មានត្រឹមតែកង់ក្តី រមែងដល់នូវការរាប់ អ្នកទៅក្នុងយានទាំងអស់ ។ តែបើមនុស្សទាំង ២ ចំណែក អង្គុយលើយាន ជាមួយគ្នា ទោះសម្តែងធម៌ដល់មួយចំណែកទៀត គួរ ។ សូម្បីក្នុងបុគ្គល ២ នាក់អង្គុយបែកគ្នា ម្នាក់អង្គុយនៅលើយានខ្ពស់ សម្តែងធម៌ដល់ម្នាក់ ដែលអង្គុយនៅលើយានទាប គួរ ។ ទោះសម្តែងធម៌ដល់អ្នកអង្គុយលើយាន ស្មើគ្នា ក៏គួរ ។ ភិក្ខុអង្គុយលើយានខាងមុខ ទោះសម្តែងធម៌ដល់អ្នកអង្គុយ លើយានខាងក្រោយ គួរ ។ តែបើភិក្ខុដែលអង្គុយលើយានខាងក្រោយខ្ពស់ ជាង បើសម្តែងធម៌ដល់អ្នកអង្គុយលើយានខាងមុខ ( ដែលមិនមានជំងឺ ) មិនគួរ ។ បទថា សយនគតស្ស សេចក្តីថា ភិក្ខុដែលឈរក្តី អង្គុយលើគ្រែក្តី លើតាំងក្តី លើភូមិបទេសក្តី សូម្បីខ្ពស់ បើសម្តែងធម៌ដល់ ( មនុស្សមិនមានជំងឺ ) ដែលដេក ដោយហោចលើកន្ទេលផែងក្តី លើដី តាមប្រក្រតីក្តី មិនគួរ ។ តែភិក្ខុដែលនៅលើដំណេក ទោះដេកលើដំណេក ខ្ពស់ជាងក្តី ឬមានប្រមាណស្មើគ្នាក្តី សម្តែងធម៌ដល់អ្នកគ្មានជំងឺដេកលើ ដំណេក គួរ ។