អដ្ឋកថា បត្តវគ្គទី ១
តឹសកកណ្ឌ ធម៌ទាំងឡាយណា ឈ្មោះនិស្សគ្គិយ ៣០ ដែលព្រះមានព្រះភាគ ប្រកាសទុកហើយដល់ពួកភិក្ខុនី ឥឡូវនេះ នឹងមានវណ្ណនានុក្រម តឹសនិស្សគ្គិយធម៌ទាំងនោះដូចតទៅនេះ និស្សគ្គិយបចិត្តិយ បត្តសន្និចយសិក្ខាបទ ប្រភេទភាជនៈ ហៅថា អាមត្តា ក្នុងបទថា អាមត្តិកា បណំ នេះ ។ ពួកឈ្មួញភាជនៈទាំងនោះ ឈ្មោះថា អាមត្តិកា ។ រានលក់ដូររបស់ ជនទាំងនោះ ឈ្មោះថា អាមត្តិកាបណ ។ ម្យ៉ាងទៀត សេចក្តីថា ចេញពីរានលក់ដូរភាជនៈនោះ ។ ពីរបទថា បត្តសន្និចយំ ករេយ្យ គឺគប្បីធ្វើការសន្សំបាត្រ សេចក្តីថា ទុកដាក់បាត្រមិនអធិដ្ឋានក្តី មិនវិកប្បអស់មួយថ្ងៃក្តី ។ ពាក្យដ៏សេសបណ្ឌិត គប្បីជ្រាបដោយន័យដូចត្រាស់ទុកហើយ ក្នុងមហាវិភង្គនោះឯង ។ តែមាន ការប្លែកគ្នាត្រឹមបុណ្ណេះ គឺក្នុងមហាវិភង្គនោះបានបរិហារ ១០ ថ្ងៃ ក្នុងសិក្ខាបទ នេះ ( បរិហារ ) សូម្បីតែមួយថ្ងៃក៏មិនមាន ។ ពាក្យដ៏សេស ដូចគ្នា ទាំងអស់នោះឯង ។ សូម្បីសិក្ខាបទនេះ ក៏មានសមុដ្ឋានដូចកឋិនសិក្ខាបទ កើតឡើងតាម កាយ និងវាចា ១ តាមកាយវាចា និងចិត្ត ១ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម ជាវចីកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះឯង ។ បត្តវគ្គទី ១ សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងជេតវនារាមរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅស្រុកក្រៅ រួចហើយក៏ដើរទៅកាន់ ក្រុងសាវត្ថី ជាអ្នកមានវត្តល្អ មានឥរិយាបថល្អ តែមានសំពត់អាក្រក់ មានចីវរសៅហ្មង ។