ឲ្យរីករាយដោយធម្មីកថា
។ លំដាប់នោះ ព្រះបាទបសេនទិកោសល កាលថុល្លនន្ទាភិក្ខុនីពន្យល់ឲ្យទ្រង់ឃើញ ឲ្យ កាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាហើយ ក៏មានព្រះបន្ទូលនេះ នឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ត្រូវការវត្ថុណា គប្បី ប្រាប់វត្ថុនោះចុះ ។ ថុល្លនន្ទាភិក្ខុនីឆ្លើយថា បពិត្រមហារាជ បើព្រះអង្គ ប្រាថ្នានឹងប្រគេនដល់អាត្មាភាព សូមព្រះអង្គប្រគេនសំពត់សម្បកឈើនេះចុះ ។ ទើបព្រះបាទបសេនទិកោសលប្រគេនសំពត់សម្បកឈើដល់ថុល្លនន្ទាភិក្ខុនី រួចទ្រង់ក្រោកចាកអាសនៈថ្វាយបង្គំថុល្លនន្ទាភិក្ខុនី ធ្វើប្រទក្សិណចៀសចេញ ទៅ ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី ទាំងនេះមានសេចក្តីប្រាថ្នាធំ គ្មានសន្តោស មិនសមបើនឹងសុំសំពត់សម្បកឈើ អំពីស្តេចសោះ ។ ពួកភិក្ខុនីឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុនី ទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់មិនសម បើនឹងសូមសំពត់សម្បកឈើអំពីស្តេចសោះ ។ បេ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី សូមសំពត់សម្បកឈើពីស្តេច ពិតមែនឬ ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់ តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនីមិនសមបើនឹងសូមសំពត់សម្បកឈើអំពីស្តេចទេ ម្នាលភិក្ខុ ទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ។