អដ្ឋកថា អារាមវគ្គទី ៦

ក្បាលទី 4 · ទំព័រ 747

អារាមបវិសនសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃអារាមវគ្គដូច្នេះ ក្នុងបទថា បរិក្ខេបំ អតិក្កមន្តិយា ឧបចារំ ឱក្កមន្តិយា នេះ គប្បីជ្រាបថា ត្រូវអាបត្តិទុក្កដក្នុងជំហានទី ១ ត្រូវអាបត្តិបាចិត្តិយៈក្នុងជំហានទី ២ ។ បទថា សីសានុលោកិកា សេចក្តីថា ភិក្ខុនីតាមចូលទៅ ទន្ទឹងមើលក្បាលនៃពួកភិក្ខុនីដែលចូលទៅមុន ជាអនាបត្តិ ។ ពួកភិក្ខុនី ចូលទៅក្នុងទីណាមុន ធ្វើកិច្ច មានការស្វាធ្យាយ និងថ្វាយបង្គំព្រះចេតិយ ជាដើម ដើរចូលទៅដោយតាំងចិត្តថា អញនឹងទៅកាន់សម្នាក់នៃភិក្ខុនីពួកនោះ ក្នុងទីនោះ គួរ ។ បទថា អាបទាសុ សេចក្តីថា ភិក្ខុនីត្រូវអន្តរាយណាមួយបៀតបៀន ក្នុងអន្តរាយដែលមានសភាពបែបនេះ ទោះចូលទៅ គួរ ។ ពាក្យដ៏សេសមាន ន័យរាក់ទាំងអស់ ។ សិក្ខាបទនេះ មានការដាក់ធុរៈជាសមុដ្ឋាន ជាកិរិយាផង ជាអកិរិយាផង ជាសញ្ញាវិមោក្ខ ជាសចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម ជាវចីកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះឯង ។ អារាមវគ្គទី ៦ សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងកូដាគារសាលា ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី ។ គ្រានោះឯង ព្រះកប្បិតកដ៏មានអាយុ ជាឧបជ្ឈាយ៍ព្រះឧបាលិដ៏មានអាយុ គង់នៅក្នុងព្រៃស្មសាន ។ សម័យនោះ ឯង ភិក្ខុនីដែលជាធំជាងពួកឆព្វគ្គិយាភិក្ខុនីធ្វើមរណកាល ។ ពួកឆព្វគ្គិយា ភិក្ខុនី នាំភិក្ខុនីនោះទៅ ហើយដុតភិក្ខុនីនោះក្នុងទីមិនឆ្ងាយពីកុដិព្រះកប្បិតក ដ៏មានអាយុហើយធ្វើស្តូប ( ចេតិយ ) ហើយតែងទៅយំជិតស្តូបនោះ ។