កុមារីភូតវគ្គ

ក្បាលទី 4 · ទំព័រ 847

ទុតិយសិក្ខមាននវុដ្ឋាបនសិក្ខាបទ ពាក្យទាំងអស់ ក្នុងសិក្ខាបទទី ៨ មានន័យរាក់ទាំងអស់ ហើយ ។ សមុដ្ឋានជាដើម ក៏ដូចគ្នានឹងសិក្ខាបទបន្ទាប់មក ដូច្នេះឯង ។ កុមារីភូតវគ្គទី ៨ សិក្ខាបទទី ៩ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងជេតវនារាមរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីឲ្យ សិក្ខមានាឈ្មោះចណ្ឌកាលី ជាស្រីច្រឡូកច្រឡំដោយបុរស ច្រឡូកច្រឡំ ដោយក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក ( ដល់បុរស ដទៃ ) ឲ្យបានឧបសម្បទា ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនគួរបើនឹងឲ្យចណ្ឌកាលីសិក្ខមានា ដែលច្រឡូកច្រឡំនឹង ប្រុស ច្រឡូកច្រឡំនឹងក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក ឲ្យបានឧបសម្បទាសោះ ។ បេ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយឮថា ថុល្លនន្ទាភិក្ខុនីឲ្យចណ្ឌកាលីសិក្ខមានា ដែលជាស្រីច្រឡូកច្រឡំ ដោយប្រុស ច្រឡូកច្រឡំដោយក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាល សេចក្តីសោក ឲ្យបានឧបសម្បទា ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងឲ្យចណ្ឌកាលីសិក្ខមានា ដែលជាស្រី ច្រឡូកច្រឡំដោយប្រុស ច្រឡូកច្រឡំដោយក្មេងប្រុស ជាស្រី កាច ជាស្រីបណ្តាលសេចក្តីសោក ឲ្យបានឧបសម្បទាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ។