អដ្ឋកថា ឆត្តុបហនវគ្គទី ៩
ឆត្តុបហនសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃឆត្តុបាហនវគ្គដូច្នេះ បទថា សកឹបិ ធារេតិ អាបត្តិ បចិត្តិយស្ស សេចក្តីថា ក្នុងការដើរផ្លូវ ភិក្ខុនីបាំងឆត្រ និងពាក់ស្បែកជើងរហូតអស់មួយថ្ងៃ ដោយប្រយោគមួយ បុណ្ណោះ ក៏ត្រូវអាបត្តិត្រឹមតែ ១ ។ បើទៅដល់ទីមានភក់ជាដើម ដោះស្បែកជើង ហើយបាំងឆត្រតែម្យ៉ាង ដើរទៅ ត្រូវអាបត្តិទុក្កដ ។ បើឃើញគុម្ព ឈើជាដើម បិទឆត្រ ហើយពាក់តែស្បែកជើងដើរទៅ ត្រូវអាបត្តិទុក្កដដូចគ្នា ។ បើបិទឆត្រហើយក្តី ដោះស្បែកជើងហើយក្តី ត្រឡប់បាំងឆត្រ និង ពាក់ស្បែកជើងទៀត ត្រូវបាចិត្តិយៈ ។ គប្បីជ្រាបអាបត្តិច្រើន ដោយការរាប់ ប្រយោគយ៉ាងនេះ ។ ពាក្យដ៏សេសងាយយល់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋានដូចឯឡកលោមសិក្ខាបទ ជាកិរិយា ជានោ សញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម មានចិត្ត ៣ មាន វេទនា ៣ ដូច្នេះឯង ។ ឆត្តុបហនវគ្គទី ៩ សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងជេតវនារាមរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយមានដំណើរទៅដោយយាន ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនគួរបើនឹងទៅដោយយានដូចជាពួកស្រី គ្រហស្ថដែលបរិភោគកាមសោះ ។ ភិក្ខុនីទាំងឡាយ បានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ភិក្ខុនីទាំងឡាយ ណា មានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយមិនសមបើនឹងទៅដោយ យានសោះ ។ បេ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនី ទាំងឡាយទៅដោយយាន ពិតមែន