អដ្ឋកថា រឿងបូតិមុខប្រេតទី ៣
បូតិមុខប្រេត ព្រះសាស្តា កាលគង់ក្នុងវត្តវេឡុវនកលន្ទកនិវាបស្ថាន ទ្រង់ ប្រារព្ធប្រេតមានមាត់ស្អុយទើបត្រាស់ពាក្យផ្តើមថា ទិព្វំ សុភំ ធារេសិ វណ្ណ - ធាតុំ ដូច្នេះ ។ បានឮថា ក្នុងអតីតកាល ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថា កស្សបៈ មានកុលបុត្រ ២ រូប បួសក្នុងសាសនានៃព្រះមានព្រះភាគអង្គនោះ សម្បូរដោយសីលនិងអាចារ មានការប្រព្រឹត្តដុសខាត់ នៅដោយការព្រមព្រៀង គ្នា ក្នុងអាវាសជិតតំបន់មួយ ។ សម័យនោះ ភិក្ខុមួយរូបមានអធ្យាស្រ័យអាក្រក់ ចូលចិត្តញុះញង់ ចូលទៅកាន់លំនៅរបស់ភិក្ខុ ២ រូបនោះ ព្រះថេរៈធ្វើបដិសណ្ឋារៈជាមួយលោក ឲ្យទីសម្រាក ក្នុងថ្ងៃទី ២ ទើបនាំភិក្ខុ នោះចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ពួកមនុស្សឃើញភិក្ខុទាំងនោះហើយ ធ្វើនូវសេចក្តីគោរពក្រៃលែង ក្នុងព្រះថេរៈទាំងនោះ ទទួលដោយអាហារ មាន បបរនិងភត្តជាដើម ។ លោកចូលទៅកាន់វិហារគិតថា គោចរគាមនេះល្អហ្ន៎ ពួកមនុស្សក៏មានសទ្ធាជ្រះថ្លា ប្រគេនបិណ្ឌបាតនិងសេនាសនៈប្រណីត ។ វិហារនេះសម្បូរដោយម្លប់និងទឹក អញអាចនៅក្នុងទីនេះ បានយ៉ាងសប្បាយ តែកាលភិក្ខុទាំងនេះនៅក្នុងទីនេះ អញនឹងមិនសប្បាយ នឹងនៅដូចជាអន្តេវាសិក ណ្ហើយចុះ អញនឹងធ្វើឲ្យភិក្ខុទាំងនេះបែកគ្នា ហើយនៅក្នុងទីនេះ ។ ថ្ងៃមួយ កាលព្រះមហាថេរៈឲ្យឱវាទ ដល់ភិក្ខុទាំង ២ រូបហើយចូលទៅ កាន់ទីសម្រាករបស់ខ្លួន ភិក្ខុដែលចូលចិត្តញុះញង់ នៅសម្ងំអស់មួយពេល ទើបចូលទៅរកព្រះមហាថេរៈ ថ្វាយបង្គំហើយ កាលព្រះថេរៈសួរថា ហេតុ