រឿងសត្តបុត្តខាទិកប្រេតទី ៧
( ព្រះថេរៈទាំងឡាយសួរថា ) នាងជាស្រីអាក្រាត មានរូប សម្បុរអាក្រក់ មានក្លិនអាក្រក់ ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយ ចោមរោមហើយ តើជាស្រីអ្វី បានជាមកឋិតនៅក្នុងទីនេះ ។ ( ប្រេតស្រីតបថា ) បពិត្រលោកម្ចាស់ទាំងឡាយដ៏ចម្រើន ខ្ញុំជាស្រី ប្រេត ដល់នូវសេចក្តីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើអំពើអាក្រក់ ។ ក្នុងពេលព្រឹក ខ្ញុំសម្រាល កូន ៧ នាក់ ក្នុងពេលល្ងាច សម្រាលកូន ៧ នាក់ទៀត ហើយទំពាស៊ី កូនទាំងអស់នោះ ក៏មិនគ្រាន់ដល់ខ្ញុំឡើយ ។ ហបឫទ័យរបស់ខ្ញុំក្តៅក្រហាយ ហុយផ្សែង ព្រោះសេចក្តីស្រេកឃ្លាន ខ្ញុំមិនបានសេចក្តីស្ងប់ទុក្ខ តែងក្តៅក្រហាយ ដូចជាបុគ្គលត្រូវភ្លើងឆេះ ។ ( ព្រះថេរៈទាំងឡាយសួរថា ) អំពើអាក្រក់ដែលនាងធ្វើហើយដោយកាយ វាចា ចិត្ត ដូចម្តេចខ្លះ នាងទំពាស៊ីសាច់កូនព្រោះផលកម្មអ្វី ។ ( នាងប្រេតតបថា ) ខ្ញុំមានកូន ២ នាក់ កូនទាំង ២ នាក់នោះ ពេញ វ័យហើយ ខ្ញុំនោះអាស្រ័យកម្លាំងកូននោះ ក៏មើលងាយប្តី ។ តអំពីនោះមក ប្តីរបស់ខ្ញុំ ក្រេវក្រោធនឹងខ្ញុំហើយ បាននាំយកស្រីរួមប្តីដទៃទៀត ស្រីរួមប្តី បានតាំងគភ៌ហើយ ខ្ញុំបានគិតនូវអំពើដ៏អាក្រក់ដល់ស្រីនោះ ខ្ញុំនោះ មានចិត្ត ប្រទូស្ត បានធ្វើនូវការញ៉ាំងគភ៌ឲ្យធ្លាក់ចុះ គភ៌នៃស្រីរួមប្តីបានតែត្រឹម ៣ ខែ មានខ្ទុះនិងឈាមធ្លាក់ចុះ មាតានៃស្រីរួមប្តីនោះ ក្រេវក្រោធនឹងខ្ញុំ បានបបួល ពួកញាតិមក ឲ្យខ្ញុំធ្វើសម្បថផង ឲ្យខ្ញុំផ្តាសាខ្លួនឯងផង ។