អដ្ឋកថា រឿងសត្តបុត្តខាទិកប្រេតទី ៧

ក្បាលទី 40 · ទំព័រ 75

នូវសម្បថដ៏ឃោរឃៅផង នូវពាក្យមុសាវាទផងថា បើខ្ញុំបានធ្វើអំពើអាក្រក់ នេះហើយ សូមឲ្យខ្ញុំទំពាស៊ីសាច់កូន ដោយផលកម្មនោះផង ដោយផល មុសាវាទផងទាំង ២ នេះ ទើបខ្ញុំទំពាស៊ីសាច់កូន ប្រឡាក់ដោយខ្ទុះនិងឈាម ដូច្នេះ ។ ចប់ រឿងសត្តបុត្តខាទិកប្រេតទី ៧ ។ អដ្ឋកថា សត្តបុត្តខាទិកប្រេត កាលព្រះសាស្តាគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធដល់ស្រីប្រេត ស៊ីកូន ៧ នាក់ ទើបត្រាស់ពាក្យថា នគ្គា ទុព្វណ្ណរូបសិ ដូច្នេះ ជាដើម ។ បានឮថា ឧបាសកម្នាក់នៅក្នុងតំបន់មួយ មិនឆ្ងាយអំពីក្រុងសាវត្ថី មាន កូនប្រុស ២ នាក់ តាំងនៅក្នុងបឋមវ័យ សម្បូរដោយរូបឆោម ប្រកបដោយ សីលនិងអាចារ មាតារបស់កូនទាំង ២ នោះគិតថា អញជាអ្នកមានកូន ទើប មើលងាយប្តីដោយកម្លាំងគឺបុត្ត ។ ស្វាមីនោះ ត្រូវភរិយាមើលងាយ មាន ចិត្តនឿយណាយ ទើបនាំស្រីដទៃមកគ្រប់គ្រង មិនយូរបុន្មានស្រីនោះក៏តាំង គភ៌ ។ លំដាប់នោះ ភរិយាដើមជាស្រីមានសេចក្តីច្រណែនជាប្រក្រតី បាន យកអាមិសទៅលួងលោមគ្រូម្នាក់ ឲ្យគ្រូនោះ ធ្វើគភ៌របស់ស្រីនោះដែលបាន ៣ ខែឲ្យធ្លាក់ ។ សម័យនោះ ស្រីនោះដែលពួកញាតិនិងបងប្អូនប្រុសសួរ ថា នាងធ្វើគភ៌របស់ស្រីនេះឲ្យធ្លាក់ឬ ក៏ពោលមុសាថា មិនបានធ្វើឲ្យធ្លាក់ ឡើយ មនុស្សទាំងនោះមិនជឿទើបពោលថា ចូរនាងស្បថ ហើយបានធ្វើ សម្បថថា សូមឲ្យខ្ញុំកើតកូនព្រឹក ៧ ល្ងាច ៧ ទំពាស៊ីសាច់កូន សូមឲ្យ ខ្ញុំមានក្លិនស្អុយ រុយចោមរោមជានិច្ច ។ ក្នុងកាលតមក នាងធ្វើកាលកិរិយា ទៅកើតក្នុងកំណើតប្រេត ដោយវិបាក នៃការធ្វើគភ៌ឲ្យធ្លាក់និងពោលមុសានោះឯង ទើបទំពាស៊ីសាច់កូនដោយ ន័យដូចពោលហើយ ត្រាច់ទៅមិនឆ្ងាយអំពីស្រុកនោះ ។