អដ្ឋកថា រឿងគោណប្រេតទី ៨
គោណប្រេត ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុដុម្ពិកៈ ម្នាក់ ដែលមានពុកស្លាប់ ទើបត្រាស់ពាក្យថា កឹ នុ ឧម្មត្តរូបេវ ដូច្នេះ ជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថី បិតារបស់កុដុម្ពិកៈម្នាក់បានស្លាប់ទៅ ព្រោះ បិតាស្លាប់ទៅ បុរសនោះក៏សោយសោក ដល់នូវសេចក្តីទុក្ខ ដើរយំដូចជា មនុស្សឆ្កួត សួរមនុស្សដែលខ្លួនឃើញថា លោកឃើញពុករបស់ខ្ញុំដែរឬទេ បុគ្គលណាមួយ មិនអាចបន្ទោបង់សេចក្តីសោករបស់គាត់បាន ។ តែឧបនិស្ស័យនៃសោតាបត្តិផល ឆេះសន្ធោសន្ធៅក្នុងហទយៈរបស់គាត់ ដូចប្រទីប ដែលឆេះក្នុងឆ្នាំង ។ ក្នុងវេលាទៀបភ្លឺ ព្រះសាស្តាប្រមើលមើលសត្វ ទ្រង់ ឃើញឧបនិស្ស័យនៃសោតាបត្តិផល ទ្រង់ត្រិះរិះថា តថាគតគួរនាំហេតុជា អតីតរបស់កុដុម្ពិកៈនេះមក ហើយរម្ងាប់សេចក្តីសោក ឲ្យសោតាបត្តិផល ដល់គេ ដូច្នេះហើយ ភ្លឺឡើង ទើបត្រឡប់អំពីបិណ្ឌបាត ខាងក្រោយភត្តមិន បាននាំបុគ្គលណាទៅជាបច្ឆាសមណៈ ទៅកាន់ទ្វារផ្ទះរបស់កុដុម្ពិកៈនោះ ។ បុរសនោះបានឮថា ព្រះសាស្តាយាងមក ទើបទទួល និមន្តព្រះសាស្តាឲ្យ យាងចូលទៅកាន់ផ្ទះ កាលព្រះសាស្តាគង់លើអាសនៈដែលរៀបចំទុក ខ្លួនឯង ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរនាចំណែកម្ខាង ទើប ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់ជ្រាបទីដែលបិតារបស់ខ្ញុំព្រះអង្គ ទៅដែរឬ លំដាប់នោះ ព្រះសាស្តាត្រាស់ថា ម្នាលឧបាសក អ្នកសួរដល់ បិតាក្នុងអត្តភាពនេះឬ ឬសួរដល់អត្តភាពដែលកន្លងទៅហើយ បុរសនោះបាន