អដ្ឋកថា រឿងនាគប្រេតទី ១១
នាគប្រេត ព្រះសាស្តា កាលគង់នៅក្នុងវិហារឈ្មោះជេតពន ទ្រង់ប្រារព្ធ ព្រាហ្មណប្រេត ២ នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បុរតោ វ សេតេន បលេតិ ហត្ថិនា ដូច្នេះ ។ បានឮថា ព្រះសង្កិច្ចៈមានអាយុ ៧ ឆ្នាំពីកំណើត សម្រេចអរហត្តក្នុង ខណៈដាក់កាំបិតកោរដល់ចុងសក់នោះឯង តាំងនៅក្នុងសាមណេរភូមិ នៅក្នុង ដងព្រៃ មួយអន្លើដោយភិក្ខុប្រមាណ ៣០ រូប ឃាត់ការស្លាប់ដែលមកដល់ ភិក្ខុទាំងនោះអំពីដៃរបស់ពួកចោរ ៥០០ នាក់ ហើយទូន្មានចោរទាំងនោះ ឲ្យចោរបព្វជ្ជា នាំទៅកាន់សម្នាក់របស់ព្រះសាស្តា ។ ព្រះសាស្តាទ្រង់សម្តែង ធម៌ដល់ភិក្ខុទាំងនោះ ។ ក្នុងកាលចប់ព្រះធម្មទេសនា ភិក្ខុទាំងនោះក៏បាន សម្រេចអរហត្ត ។ សម័យនោះ សង្កិច្ចៈមានវស្សាគ្រប់ បានឧបសម្បទាហើយ មួយអន្លើដោយភិក្ខុ ៥០០ រូបនោះ នាំគ្នាទៅកាន់ក្រុងពារាណសី ស្នាក់នៅក្នុង ព្រៃឥសិបតនមិគទាយវ័ន ។ ពួកមនុស្សនាំគ្នាទៅរកព្រះថេរៈ បានស្តាប់ ធម៌ហើយ មានចិត្តជ្រះថ្លា បានថ្វាយអាគន្តុកទានជាពួកៗ តាមលំដាប់វិថី ។ ក្នុងមនុស្សទាំងនោះ មានឧបាសកម្នាក់ បានបបួលពួកមនុស្សឲ្យធ្វើនិច្ចភត្ត មនុស្សទាំងនោះបានធ្វើនិច្ចភត្តតាមកម្លាំង ។ សម័យនោះ ក្នុងក្រុងពារាណសីមានព្រាហ្មណ៍មិច្ឆាទិដ្ឋិម្នាក់ មានកូនប្រុស ២ នាក់ កូនស្រីម្នាក់ ។ ក្នុងកូនទាំងនោះ កូនច្បងមានឧបាសកជា សម្លាញ់ ។ ឧបាសកនោះនាំកូនច្បងរបស់ព្រាហ្មណ៍នោះទៅរកព្រះសង្កិច្ចៈ ។ ព្រះសង្កិច្ចៈ សម្តែងធម៌ដល់បុរសនោះ គេក៏មានចិត្តទន់ភ្លន់ ។ លំដាប់នោះ