អដ្ឋកថា រឿងសំសារមោចកប្រេតទី ១
សំសារមោចកប្រេត ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធស្រីប្រេត ម្នាក់ ក្នុងស្រុកឈ្មោះឥដ្ឋកវតី ដែនមគធៈ ទើបត្រាស់ពាក្យផ្តើមថា នគ្គា ទុព្វណ្ណរូបសិ ដូច្នេះជាដើម ។ បានឮថា ក្នុងដែនមគធៈ មានស្រុក ២ គឺស្រុកឥដ្ឋកវតីនិងស្រុក ទីឃរាជី ។ ក្នុងស្រុក ២ នោះ ពួកសង្សារមោចកៈ ដោយច្រើន ជាមនុស្ស មិច្ឆាទិដ្ឋិរស់នៅប្រចាំ ក្នុងអតីតកាល ក្នុងទីបំផុត ៥០០ ឆ្នាំ មានស្រីម្នាក់ កើតក្នុងត្រកូលសង្សារមោចកៈមួយ ក្នុងស្រុកឥដ្ឋកវតីនោះឯង ដោយអំណាច មិច្ឆាទិដ្ឋិ សម្លាប់សត្វល្អិត មានកណ្តូបជាដើមជាច្រើន ហើយកើតជាប្រេត នាងសោយទុក្ខ មានការស្រេកឃ្លានជាដើម អស់ ៥០០ ឆ្នាំ កាលព្រះមាន ព្រះភាគនៃយើងទ្រង់កើតឡើងក្នុងលោក ទ្រង់ប្រកាសធម្មចក្កដ៏បវរយាងទៅ អាស្រ័យនគររាជគ្រឹះ គង់នៅក្នុងវេឡុវ័ន ដោយលំដាប់ នាងត្រឡប់មកកើត ក្នុងត្រកូលសង្សារមោចកៈនោះឯង ក្នុងស្រុកឥដ្ឋកវតី ។ ក្នុងពេលដែលនាង មានអាយុ ៧-៨ ឆ្នាំ អាចលេងរថជាមួយពួកក្មេងស្រីដទៃៗបាន ។ ក្នុងកាល នោះ ព្រះសារីបុត្តត្ថេរ អាស្រ័យស្រុកនោះឯង នៅក្នុងអរុណវតីវិហារ ។ ថ្ងៃមួយ ព្រះសារីបុត្តមួយអន្លើដោយភិក្ខុ ១២ រូប ធ្វើដំណើរទៅតាមទ្វារស្រុក នោះ ។ ក្នុងខណៈនោះ ក្មេងស្រីជាច្រើន ចេញអំពីស្រុកទៅលេងក្បែរទ្វារ មានចិត្តជ្រះថ្លា ក៏រត់មកថ្វាយបង្គំព្រះថេរៈនិងភិក្ខុទាំងនោះដោយបញ្ចង្គប្រតិស្ថាន តាមដែលឃើញមាតាបិតាបដិបត្តិ ឯកុមារីនោះជាធីតានៃត្រកូលមិន