រឿងប្រេតជាមាតានៃព្រះសារីបុត្តទី ២
( ព្រះសារីបុត្តសួរថា ) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាង ជាស្រីអាក្រាត មានរូបមានសម្បុរអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មាន ខ្លួនរវាមទៅដោយសរសៃ នាងជាអ្វីមកឈរនៅទីនេះ ។ ( នាងប្រេតតបថា ) អំពីមុន ខ្ញុំជាមាតាបង្កើតរបស់លោក ក្នុងជាតិ ទាំងឡាយដទៃ មកកើតក្នុងកំណើតនៃប្រេត ពេញប្រៀបដោយសេចក្តីស្រេកឃ្លាន បរិភោគទឹកមាត់ដែលគេស្តោះចោល ទឹកសម្បោរ ស្លេស្ម៍ ខ្លាញ់រាវ ( នៃសាកសព ) ដែលគេដុតនិងឈាមនៃស្រីទាំងឡាយដែលសម្រាលកូន និងឈាមនៃដំបៅនឹងច្រមុះនឹងក្បាលដាច់ មានសេចក្តីស្រេកឃ្លានគ្របសង្កត់ ខ្ញុំបរិភោគនូវខ្ទុះនិងឈាមដែលជាប់នឹងសរីរៈនៃស្រីនិងបុរស នូវខ្ទុះនិងឈាម នៃបសុសត្វនិងមនុស្សទាំងឡាយ ខ្ញុំមិនមានទីពឹង មិនមានទីលំនៅ ដេកតែ លើទីស្មសានដូចគ្រែ លោកម្ចាស់ជាបុត្ត សូមលោកម្ចាស់ឲ្យទានដើម្បីខ្ញុំ លុះ ឲ្យហើយ ចូរឧទ្ទិសផលដល់ខ្ញុំ គិតធ្វើដូចម្តេចហ្ន៎ ឲ្យខ្ញុំគប្បីបានរួចអំពីការបរិភោគ នូវខ្ទុះនិងឈាម ។ ព្រះអគ្គសាវ័ក មាននាមថា ឧបតិស្សៈ លុះបានស្តាប់ពាក្យនៃនាងប្រេត ជាមាតាហើយ មានចិត្តប្រកបដោយករុណា បានហៅព្រះមោគ្គល្លាន ១ ព្រះ អនុរុទ្ធ ១ ព្រះកប្បិន ១ ឲ្យធ្វើនូវកុដិទាំងឡាយ ៤ ខ្នង ហើយវេរកុដិផង ឲ្យបាយនិងទឹកផង ចំពោះសង្ឃដែលមកអំពីទិសទាំង ៤ ហើយឧទ្ទិសទក្ខិណា ទានដល់មាតា ។ វិបាកក៏កើតឡើងក្នុងលំដាប់ដែលឧទ្ទិសហើយភោជនាហារ គឺទឹកផឹកនិងសំពត់ ( ក៏កើតឡើង ) នេះជាផលនៃទក្ខិណាទាន លំដាប់នោះ