រឿងកណ្ហប្រេតទី ៦
( រោហិណេយ្យអាមាត្យក្រាបទូលថា ) បពិត្រព្រះកណ្ញៈ ព្រះអង្គផ្ទំធ្វើអ្វី សូមព្រះអង្គក្រោកឡើង ប្រយោជន៍អ្វីដល់ព្រះអង្គដោយការ ផ្ទំ ឥឡូវនេះខ្យល់កំពុងតែកម្រើកឡើងដល់ព្រះរាជកនិដ្ឋដែលដូចជាហបឫទ័យ នឹងចក្ខុខាងស្តាំរបស់ព្រះអង្គ បពិត្រព្រះអង្គមានព្រះកេសាល្អ ឃដបណ្ឌិត កំពុងតែរវើរវាយ ។ ព្រះបាទកេសវៈ ទ្រង់បានស្តាប់ពាក្យនោះ របស់រោហិណេយ្យអាមាត្យ នោះហើយ ក៏ស្លុតព្រះហបឫទ័យ ទ្រង់ក្រោកចាកក្រឡាព្រះបន្ទំហើយ ទ្រង់ទង្គឹះ ខ្សឹកខ្សួល ព្រោះសេចក្តីសោកចំពោះព្រះកនិដ្ឋ ។ អ្នកមានសភាពជាមនុស្សឆ្កួតទេដឹង បានជាត្រាច់ទៅសព្វស្រុកទ្វារកនេះ ហើយស្រែកថាទន្សាយៗដូច្នេះ អ្នកចង់បានទន្សាយអ្វី ទន្សាយមាស ទន្សាយ កែវមណី ទន្សាយទង់ដែង ឬមួយទន្សាយប្រាក់ ទន្សាយស័ង្ខ សិលា កែវប្រពាឡ យើងនឹងប្រើគេឲ្យធ្វើទន្សាយឲ្យអ្នក ពុំនោះសោតទេ ពួកទន្សាយ ដទៃដែលត្រាច់ស៊ីស្មៅក្នុងព្រៃក៏មាន យើងនឹងនាំយកទន្សាយទាំងនោះមកឲ្យ អ្នក តើអ្នកចង់បានទន្សាយដូចម្តេច ។ ទន្សាយទាំងឡាយណាដែលអាស្រ័យនៅលើផែនដី ខ្ញុំព្រះអង្គមិនប្រាថ្នា ចង់បានទន្សាយទាំងនុ៎ះទេ ខ្ញុំព្រះអង្គប្រាថ្នាចង់បានតែទន្សាយអំពីដួងព្រះចន្ទ បពិត្រព្រះអង្គមានព្រះកេសាខ្មៅ សូមព្រះអង្គនាំយកទន្សាយនោះមកឲ្យខ្ញុំ ។ ម្នាលកនិដ្ឋជាញាតិ អ្នកនោះនឹងក្ស័យជីវិតដ៏ថ្លៃថ្លា អ្នកប្រាថ្នារបស់ដែល មិនគួរប្រាថ្នា ព្រោះអ្នកប្រាថ្នាទន្សាយអំពីដួងព្រះចន្ទ ។