រឿងកណ្ណមុណ្ឌប្រេតទី ១២
( ព្រះរាជាសួរស្រីប្រេតថា ) ស្រះបោក្ខរណី មានកាំជណ្តើរ ជាវិការៈនៃមាស ក្រាលខ្សាច់ជាវិការៈនៃមាស ( ដោយជុំវិញ ) ពួកផ្កា ចង្កុលណីក្នុងស្រះបោក្ខរណីនោះល្អ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត ( ស្រះ បោក្ខរណីនោះ ) ដេរដាសដោយឈើផ្សេងៗ ផ្សាយទៅដោយក្លិនផ្សេងៗ ដេរដាសដោយឈូកក្រហមផ្សេងៗឆ្លូកឆ្លាស់ដោយឈូកសផ្សេងៗ ។ ( ស្រះ បោក្ខរណីទាំងឡាយនោះ ) ទ្រហឹងអឹងកងដោយហង្សនិងក្រៀល មានសត្វ ចាក្រពាកស្រែកក្រលួច កុះករដោយហ្វូងសត្វស្លាបផ្សេងៗប្រកបដោយពួក បក្សី មានសំឡេងផ្សេងៗផង ឈើទាំងឡាយ ទ្រទ្រង់នូវផ្លែផ្សេងៗផង ព្រៃ ទាំងឡាយ ទ្រទ្រង់នូវកម្រងផ្កាផ្សេងៗផង មានក្លិនក្រអូបជាទីគាប់ចិត្តដែល ខ្យល់បក់មកត្រូវ ក៏ផ្សាយទៅ ។ នគរ ( របស់នាង ) នេះ ប្រាកដយ៉ាងណា នគរប្រាកដយ៉ាងនេះ មិនមានក្នុងពួកមនុស្សទេ ទាំងប្រាសាទរបស់ នាង ក៏ច្រើនសុទ្ធសឹងតែមាសនិងប្រាក់ រុងរឿង ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺ ជុំវិញ ។ ទាសី ៥០០ ណា ជាស្រីបម្រើរបស់នាង ពួកទាសីទាំងនោះ ក៏ ទ្រទ្រង់នូវស័ង្ខនិងកងកនិងកន្ទ្រុំ ស្អិតស្អាងដោយសំពត់មាស ។ បល្ល័ង្ក របស់នាងដ៏ច្រើន សុទ្ធសឹងតែមាសនិងប្រាក់ ក្រាលកម្រាលស្បែកឈ្មុស ដែលបុញ្ញកម្មតាក់តែងហើយ ក្រាលសំពត់គោណកៈ ជាទីចូលទៅនៅអាស្រ័យរបស់នាង អ្នកសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាង ។ លុះដល់ពាក់កណ្តាល អធ្រាត្រ នាងតែងក្រោកអំពីបល័្លង្កនោះ ទៅកាន់ឱទ្យានភូមិ ដើរជុំវិញ ស្រះបោក្ខរណី ។