អដ្ឋកថា រឿងសេរិនីប្រេតទី ៦
ទក្ខិណាទានដល់ស្រីប្រេតនោះ ស្រីប្រេតក៏បានដល់នូវសេចក្តីសុខផង មាតា នោះចិញ្ចឹមជីវិតដោយងាយផង ។ ចប់ រឿងសេរិនីប្រេត ទី ៦ ។ អដ្ឋកថា សេរិនីប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ សេរិនីប្រេត ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា នគ្គា ទុព្វណ្ណរូបសិ ដូច្នេះជាដើម ។ បានឮថា ក្នុងហត្ថិនីបុរី ក្នុងដែនកុរុរដ្ឋ មានស្រីម្នាក់ ឈ្មោះសេរិនី បានជា អ្នកអាស្រ័យរូបចិញ្ចឹមជីវិត ។ ភិក្ខុទាំងឡាយចេញអំពីទីផ្សេងៗ បានមក ប្រជុំគ្នាក្នុងហត្ថិនីបុរីនោះ ដើម្បីធ្វើឧបោសថ ។ មានភិក្ខុជាច្រើនមកប្រជុំគ្នា ទៀត ។ មនុស្សទាំងឡាយឃើញដូច្នោះ ទើបត្រៀមគ្រឿងឧបករណ៍ក្នុងការបំពេញ ទានជាច្រើន មានគ្រាប់ល្ងនិងអង្ករជាដើមនិងមានសប្បិ នវនីតនិង ទឹកឃ្មុំជាដើម បំពេញមហាទាន ។ សម័យនោះ នាងគណិកានោះ មិន មានសទ្ធា មិនមានសេចក្តីជ្រះថ្លា មានចិត្តចោមរោមដោយមន្ទិល គឺសេចក្តី កំណាញ់ សូម្បីត្រូវពួកមនុស្សទាំងនោះបបួលថា មកចូរអនុមោទនាទាននេះ ក៏ប្រកាសការមិនជ្រះថ្លាដល់មនុស្សទាំងនោះថា ប្រយោជន៍អ្វីដោយទានដែល ឲ្យ ដល់ពួកសមណៈត្រងោល កិរិយាបរិច្ចាគទ្រព្យបន្តិចបន្តួចនឹងមានអំពី ណា ។ សម័យក្រោយមក នាងធ្វើកាលកិរិយាហើយ កើតជាប្រេតត្រង់ខ្នងប្រឡាយនៃបច្ចន្តនគរមួយកន្លែង ។ លំដាប់នោះ ឧបាសកអ្នកក្រុងហត្ថិនីបុរីម្នាក់ ទៅកាន់នគរនោះដើម្បីជួញដូរក្នុងវេលាទៀបភ្លឺនៃរាត្រីបានទៅកាន់ខ្នងប្រឡាយ ដោយប្រយោជន៍បែបនោះ ។ នាងឃើញឈ្មួញក្នុងទីនោះ ក៏ចាំបាន តែខ្លួន ជាបុគ្គលអាក្រាត មានរាងកាយសល់តែស្បែកដណ្តប់ឆ្អឹង ឃើញគួរខ្លាចក្រៃពេក បានឈរបង្ហាញខ្លួនក្នុងទីមិនឆ្ងាយ ។