រឿងកូដវិនិច្ឆយកប្រេតទី ៩

ក្បាលទី 40 · ទំព័រ 434

រឿង កូដវិនិច្ឆយប្រេត ទី ៩ ( ព្រះនារទត្ថេរសួរប្រេតថា ) អ្នកពាក់នូវកម្រងផ្កា ជួតក្បាល ពាក់សង្វារ ខ្លួនរបស់អ្នកប្រោះព្រំដោយខ្លឹមចន្ទន៍ អ្នកមានសម្បុរមុខថ្លា ល្អ ដូចជាសម្បុរនៃព្រះអាទិត្យ ។ បរិវារទាំងឡាយរបស់អ្នកដែលរាប់បញ្ចូលក្នុង បរិសទ្យមិនមែនជាមនុស្ស គឺនាងកញ្ញា មួយម៉ឺន ជាស្រីបម្រើរបស់អ្នក ។ នាងកញ្ញាទាំងនោះ ទ្រទ្រង់នូវសង្វារមាស ស្អិតស្អាងដោយសំពត់មាស អ្នក ជាបុគ្គលមានអានុភាពច្រើន មានរូបអាចញ៉ាំងពួកជនអ្នកមើលឲ្យព្រឺរោម ។ អ្នកខ្វារសាច់ខ្នងរបស់ខ្លួន ស៊ីដោយខ្លួនឯង តើអំពើអាក្រក់ដូចម្តេចដែលអ្នកធ្វើ ដោយកាយ វាចា ចិត្ត អ្នកខ្វារសាច់ខ្នងរបស់ខ្លួនស៊ីដោយខ្លួនឯង តើដោយ ផលនៃកម្មដូចម្តេច ។ ( ប្រេតនោះបានឆ្លើយថា ) ខ្ញុំបានប្រព្រឹត្តដើម្បីសេចក្តីវិនាសខ្លួនដោយការញុះញង់ នឹងមុសាវាទផង ដោយការបន្លំនឹងបោកប្រាស់ផង ក្នុងជីវលោក ។ ខ្ញុំបានទៅកាន់បរិស័ទ មិនធ្វើនូវហេតុមានប្រយោជន៍ ក្នុងកាលពិតដែលតាំង ឡើងប្រាកដ បែរជាប្រព្រឹត្តតាមនូវហេតុដែលមិនមានប្រយោជន៍វិញ ក្នុងជីវ លោកនោះ ។ ប្រេតណាស៊ីសាច់ខ្នង ប្រេតនោះឈ្មោះថាស៊ីខ្លួនឯង ដូចជាខ្ញុំ ស៊ីសាច់ខ្នងរបស់ខ្លួន ក្នុងថ្ងៃនេះដែរ ។ បពិត្រព្រះនារទៈ រឿងនេះលោកម្ចាស់បានឃើញដោយព្រះអង្គឯងស្រាប់ ហើយ ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះ ជាអ្នកឈ្លាសវៃ គប្បីពោលថា អ្នកកុំនិយាយពាក្យញុះញង់ផង កុំនិយាយពាក្យកុហកផង អ្នក កុំស៊ីនូវសាច់ខ្នងឡើយ ។