អដ្ឋកថា រឿងកូដវិនិច្ឆយកប្រេតទី ៩

ក្បាលទី 40 · ទំព័រ 435

កូដវិនិច្ឆយប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តវេឡុវនមហាវិហារ ទ្រង់ប្រារព្ធ ប្រេតអ្នកវិនិច្ឆ័យក្តីកោង ទើបត្រាស់ពាក្យផ្តើមថា មាលី កិរិដី កាយូរី ដូច្នេះជាដើម ។ ក្នុងកាលនោះ ព្រះបាទពិម្ពិសាររក្សាឧបោសថមួយខែ ៦ ថ្ងៃ មនុស្ស ជាច្រើន ក៏យកតម្រាប់តាមព្រះរាជា នាំគ្នារក្សាឧបោសថ ។ ព្រះរាជាត្រាស់ សួរពួកមនុស្ស ដែលមកកាន់សម្នាក់របស់ព្រះអង្គថា អ្នករក្សាឧបោសថដែរ ឬ ឬមិនរក្សាទេ ។ ក្នុងបណ្តាមនុស្សទាំងនោះ ចៅក្រមម្នាក់ ជាអ្នកមានវាចា ញុះញង់ បោកបញ្ឆោត ជាអ្នកទទួលសំណូក កាលមិនអាចពោលថា ទូលបង្គំ មិនបានរក្សាឧបោសថ ក៏ក្រាបទូលថា ទូលបង្គំរក្សាឧបោសថ ។ គ្រា នោះ សម្លាញ់របស់គាត់ក៏ពោលនឹងគាត់ដែលចេញអំពីទីជិតព្រះរាជាថា នែ សម្លាញ់ ថ្ងៃនេះអ្នករក្សាឧបោសថឬ បុរសនោះឆ្លើយថា អើសម្លាញ់ ព្រោះ ការខ្លាច ទើបខ្ញុំពោលយ៉ាងនោះ ចំពោះព្រះភក្ត្រព្រះរាជា តែខ្ញុំមិនបានរក្សា ឧបោសថទេ ។ លំដាប់នោះ សម្លាញ់នោះក៏ពោលនឹងបុរសនោះថា បើដូច្នោះ ជាបឋម ចូរឯងរក្សាឧបោសថកន្លះថ្ងៃ ក្នុងថ្ងៃនេះ ចូរឯងសមាទានអង្គឧបោសថចុះ ។ បុរសនោះទទួលពាក្យសម្លាញ់ថា សាធុ ហើយទៅកាន់ផ្ទះ មិនបរិភោគអ្វី ឡើយ ខ្ពុរមាត់អធិដ្ឋានឧបោសថ គាត់រក្សាឧបោសថក្នុងពេលយប់ ត្រូវខ្យល់ ចាក់ដោតផ្ទៃដ៏មានកម្លាំង ព្រោះមានពោះទទេ គាត់ដាច់អាយុសង្ខារ បន្ទាប់ អំពីចុតិ ទៅកើតជាវេមានិកប្រេតត្រង់ចង្កេះភ្នំ ។ ពិតហើយ ប្រេតនោះ មាន វិមាន មានស្រីរបាំមួយម៉ឺននាក់ជាបរិវារនិងទិព្វសម្បត្តិដ៏ច្រើន ដោយហេតុ ត្រឹមតែការរក្សាឧបោសថមួយរាត្រី ។ តែព្រោះខ្លួនជាអ្នកកាត់ក្តីកោង ពោល វាចាញុះញង់ ក៏ខ្វារសាច់ខ្នងឯងបរិភោគ ។ ព្រះនារទៈចុះអំពីភ្នំគិជ្ឈកូដ ឃើញ