រឿងឧច្ឆុប្រេតទី ៥

ក្បាលទី 40 · ទំព័រ 536

( ប្រេតទូលសួរព្រះមោគ្គល្លានថា ) ព្រៃអំពៅធំនេះ កើតឡើង ដល់ខ្ញុំ ( ហាក់ដូច ) ជាផលបុណ្យច្រើនណាស់ដែរ តែឥឡូវនេះខ្ញុំមិន បានបរិភោគអំពៅនោះសោះ បពិត្រលោកដ៏ចម្រើន សូមលោកប្រាប់ខ្ញុំ តើ ផលនេះជាផលកម្មអ្វី ។ មួយទៀត ខ្ញុំដល់នូវសេចក្តីចង្ហៀតចង្អល់ ចង់បរិភោគ ( ក៏បរិភោគមិនកើត ) ខ្ញុំខំប្រឹងខ្នះខ្នែងដើម្បីបរិភោគនូវរសនៃអំពៅ តិចតួច ខ្ញុំនោះមានអត្តភាពដាច់ហើយ ជាបុគ្គលកម្សត់ ប្រកបដោយទុក្ខ នេះជាផលនៃកម្មអ្វី ។ មួយទៀត ខ្ញុំជាបុគ្គលចង្អៀតចង្អល់ ដួលដេកបម្រះ ននេលោលើផែនដី ដូចត្រីនៅលើគោកដ៏ក្តៅ ទឹកភ្នែកទាំងឡាយរបស់ខ្ញុំ ហូរ ចេញអំពីចម្ងាយ បពិត្រលោកដ៏ចម្រើន សូមលោកមេត្តាប្រាប់ នេះជាផល នៃកម្មអ្វី ។ ខ្ញុំឃ្លានផង លំបាកផង ស្រេកផង តក់ស្លុតផង មិនបានសេចក្តី សុខស្រួលទេ បពិត្រលោកដ៏ចម្រើន ខ្ញុំសូមសួរសេចក្តីនុ៎ះ ចំពោះនឹងលោក ម្ចាស់ ធ្វើម្តេចហ្ន៎ ខ្ញុំគប្បីបានបរិភោគអំពៅ ( នេះ ) ។ ( ព្រះមោគ្គល្លានមានថេរវាចាថា ) កាលពីដើម អ្នកកើតជាមនុស្សបាន ធ្វើបាបកម្មដោយខ្លួនឯង ក្នុងកាលមុន អាត្មារៀបរាប់សេចក្តីនោះប្រាប់អ្នក អ្នកស្តាប់ហើយត្រូវដឹងសេចក្តីនោះចុះ ។ ( កាលនោះ ) អ្នកកំពុងដើរស៊ី អំពៅ មានបុរសម្នាក់ដើរពីក្រោយខ្នងអ្នក បុរសនោះ ប្រាថ្នាចង់បានអំពៅ នោះ ហើយនិយាយសូម អ្នកមិនបាននិយាយពាក្យតិចតួចនឹងបុរសនោះទេ ។ ឯបុរសនោះ បាននិយាយសូមចំពោះអ្នកដែលមិននិយាយរក បាននិយាយ នឹងអ្នកថា អ្នកចូរឲ្យអំពៅដល់ខ្ញុំ អ្នកក៏បានឲ្យអំពៅ ១ ដើម តាមក្រោយ