រឿងកុមារប្រេតទី ៦

ក្បាលទី 40 · ទំព័រ 543

( ព្រះមានព្រះភាគត្រាស់ថា ) តថាគតឮថា ក្រុងឈ្មោះ សាវត្ថីនៅក្បែរព្រៃហិមពាន្ត ក្នុងក្រុងនោះមានកុមារ ២ នាក់ ជាព្រះរាជបុត្ត របស់ ( ព្រះបាទបសេនទិកោសល ) ។ ព្រះរាជបុត្តទាំង ២ អង្គនោះ ជាអ្នកប្រមាទ ជាអ្នកមានសេចក្តីត្រេកអរក្នុងកាមគុណទាំងឡាយជាទីត្រេកអរ ជាប់ជំពាក់នឹងសេចក្តីសុខជាបច្ចុប្បន្ន ព្រះរាជបុត្តទាំងនោះ មិនបាន ឃើញសេចក្តីសុខទៅក្នុងអនាគតកាលឡើយ ។ ព្រះរាជបុត្តទាំងនោះ ទៅកាន់ លោកខាងមុខ ចាកអត្តភាពជាមនុស្ស ព្រះរាជបុត្តទាំង ២ នោះ មិន ប្រាកដរូប ស្រែកប្រកាសតែអំពើអាក្រក់របស់ខ្លួនក្នុងកាលមុន ។ កាលទក្ខិណេយ្យ បុគ្គលទាំងឡាយមានច្រើន កាលទេយ្យធម៌មាន ពួកយើងមិនអាច ដើម្បីធ្វើខ្លួនឲ្យមានសួស្តីតិចតួច ជាទីនាំមកនូវសេចក្តីសុខសោះ ។ អំពើ អាក្រក់អ្វី ជាអំពើអាក្រក់ជាងអំពើរបស់យើងនោះ ពួកយើងច្យុតចាករាជ ត្រកូល មកកើតជាប្រេតវិស័យ ( ក្នុងទីនេះ ) ប្រកបដោយសេចក្តីស្រេក និងការឃ្លាន ។ ពួកមនុស្សជាម្ចាស់គេក្នុងលោកនេះ ពុំមែនជាម្ចាស់ក្នុងលោក ឯណោះទៀតទេ បានខ្ពស់ហើយ ត្រឡប់ទាបវិញ ( ព្រោះតណ្ញា ) តែង ស្លាប់ដោយសេចក្តីស្រេកឃ្លាន ។ នរជនដឹងទោស ដែលកើតអំពីសេចក្តី ប្រកាន់ថាធំ យ៉ាងនេះហើយគប្បី លះនូវសេចក្តីស្រវឹងថាធំចោលចេញ ទើប ទៅឋានសួគ៌ នរជននោះជាអ្នកប្រកបដោយប្រាជ្ញា ដល់បែកធ្លាយរាងកាយ រមែងកើតក្នុងឋានសួគ៌ ។ ចប់ រឿងកុមារប្រេតទី ៦ ។