អដ្ឋកថា រឿងគូថខាទកប្រេតទី ៨

ក្បាលទី 40 · ទំព័រ 558

ភិក្ខុចៅអាវាសនោះ ចិញ្ចឹមជីវិតនឹងឧច្ចារៈនោះ ( រាល់ៗថ្ងៃ ) ។ ចប់ រឿងគូថខាទកប្រេតទី ៨ ។ អដ្ឋកថា បឋមគូថខាទកប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ គូថខាទកប្រេតម្នាក់ ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា គូថកូបតោ ឧគ្គន្តា ដូច្នេះ ជាដើម ។ បានឮថា ក្នុងភូមិមួយមិនឆ្ងាយអំពីក្រុងសាវត្ថីបុន្មាន មានកុដុម្ពិកៈម្នាក់ សាងវិហារឧទ្ទិសថ្វាយភិក្ខុដែលជាជីតុនរបស់ខ្លួន ។ ភិក្ខុទាំងឡាយមកអំពី ជនបទផ្សេងៗ នៅអាស្រ័យក្នុងវិហារនោះ ។ មនុស្សទាំងឡាយឃើញភិក្ខុ ទាំងនោះហើយ មានចិត្តជ្រះថ្លា ឧបដ្ឋាកដោយបច្ច័យដ៏ប្រណីត ។ ភិក្ខុជីតុន អត់ធន់នឹងបច្ច័យនោះមិនបាន ជាអ្នកត្រូវសេចក្តីច្រណែនគ្របសង្កត់ កាល នឹងពោលទោសភិក្ខុទាំងនោះ ទើបបានឲ្យកុដុម្ពិកៈ លើកទោសឡើង ។ កុដុម្ពិកៈ សង្កត់សង្កិនជេរប្រទេចភិក្ខុទាំងនោះ មួយអន្លើដោយភិក្ខុជាជីតុន នោះ ។ សម័យតមក ភិក្ខុដែលជាជីតុនធ្វើកាលកិរិយាហើយ កើតជាប្រេត ក្នុងបង្គន់ក្នុងវត្តនោះឯង ។ ឯកុដុម្ពិកៈធ្វើកាលកិរិយាហើយ កើតជាប្រេតនៅ ពីលើប្រេតដែលជាជីតុននោះឯង ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន ឃើញ ប្រេតនោះហើយ កាលនឹងសួរ ទើបពោលគាថាថា អ្នកដែលអាត្មាឃើញហើយ តើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ អ្នកឯងជាបុគ្គលមានបាបកម្មឥតសង្ស័យ ហេតុ អ្វី ក៏ស្រែក ដូច្នេះ ។ ប្រេតបានស្តាប់ដូច្នោះហើយ ទើបពោលដល់ខ្លួនដោយគាថាថា បពិត្រលោកដ៏ចម្រើន ខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក បានធ្វើបាបកម្ម ទៅពីមនុស្សលោកនេះ ទៅកាន់បេតលោក ដូច្នេះ ។