រឿងគូថខាទកប្រេតទី ៩
( ព្រះមោគ្គល្លានបានឃើញស្រីប្រេតហើយសួរថា ) នាងឯង ដែលអាត្មាឃើញហើយ តើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ នាងឯង មានបាបកម្មឥតមានសង្ស័យ ហេតុអ្វីចេះតែស្រែក ។ ( នាងប្រេតនោះតបថា ) បពិត្រលោកម្ចាស់ដ៏ចម្រើនខ្ញុំជាស្រីប្រេត ជា អ្នកទុគ៌ត កើតក្នុងយមលោក បានធ្វើបាបកម្ម ហើយច្យុតចាកមនុស្សលោក នេះ ទៅកាន់បេតលោក ។ ( ព្រះមោគ្គល្លានសួរថា ) អំពើអាក្រក់ដូចម្តេច ដែលនាងធ្វើហើយ ដោយកាយ វាចា ចិត្ត បានជានាងរងទុក្ខនេះ ព្រោះផលកម្មអ្វី ។ ( ស្រីប្រេតតបថា ) លោកចៅអាវាសរបស់ខ្ញុំ ជាអ្នកបឫស្យា កំណាញ់ ត្រកូល ស្វិតស្វាញ ជេរប្រទេច អាស្រ័យនៅក្នុងផ្ទះរបស់ខ្ញុំ ។ លុះខ្ញុំឮពាក្យ លោកចៅអាវាសនោះហើយ ក៏ជេរប្រទេចភិក្ខុទាំងឡាយ ព្រោះហេតុតែផលកម្ម នៃការជេរនោះ បានជាខ្ញុំស្លាប់អំពីលោកនេះទៅ ទៅកាន់បេតលោក ។ ( ព្រះមោគ្គល្លានសួរថា ) ចុះភិក្ខុដែលមិនមែនជាមិត្តអ្នកចូលទៅត្រកូល របស់នាងដោយភេទថាដូចជាមិត្ត ភិក្ខុអ្នកអប្បឥតប្រាជ្ញានោះ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តើទៅកាន់គតិដូចម្តេច ក្នុងបរលោក ។ ( ស្រីប្រេតតបថា ) ខ្ញុំឋិតនៅលើទីផុតនៃក្បាលរបស់ភិក្ខុអ្នកមានបាបកម្ម នោះទៅកើតជាប្រេត ហើយជាបរិវាររបស់ខ្ញុំ ។ បពិត្រលោកដ៏ចម្រើន ពួកជនឯទៀតៗបន្ទោបង់នូវបឧច្ចារៈណា ឧច្ចារៈនោះឯង ទៅជាភោជនរបស់ ខ្ញុំ ( រាល់ៗថ្ងៃ ) ខ្ញុំបន្ទោបង់នូវឧច្ចារៈណា ភិក្ខុចៅអាវាសនោះ ចិញ្ចឹមជីវិត នឹងឧច្ចារៈនោះ ( រាល់ៗថ្ងៃ ) ។ ចប់ រឿងគូថខាទកប្រេត ទី ៩ ។