រឿងអក្ខរុក្ខប្រេតទី ១៣
ក្បាលទី 40 · ទំព័រ 583
( ភូមទេវតានិយាយថា ) បុរសបុគ្គលឲ្យរបស់ណា របស់ នោះមិនមាន ( ផលត្រឹមតែប៉ុណ្ណោះ ) ទេ បុគ្គលគប្បីឲ្យទាន លុះឲ្យទាន ហើយ រមែងឆ្លងទុក្ខទាំង ២ យ៉ាង ( ទុក្ខក្នុងបច្ចុប្បន្ននិងបរលោក ) រមែង បានប្រទះសុខទាំង ២ ព្រោះតែទាននោះ ចូរអ្នកភ្ញាក់រឮក ចូរអ្នកកុំធ្វេសប្រហែស ( ក្នុងទាន ) ឡើយ ។ ចប់ រឿងអក្ខរុក្ខប្រេតទី ១៣ ។ អដ្ឋកថា អក្ខរុក្ខប្រេត រឿងអក្ខទាយកប្រេតនេះ មានពាក្យផ្តើមថា យំ ទទាតិ ន តំ ហោតិ ដូច្នេះ ជាដើម ។ រឿងនោះមានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះមានព្រះភាគ គង់នៅក្នុងក្រុងសាវត្ថី មានឧបាសកអ្នកក្រុង សាវត្ថីម្នាក់ យករទេះជាច្រើនដាក់ទំនិញទៅលក់ឯប្រទេសក្រៅ លក់ដូរទំនិញ របស់ខ្លួន ក្នុងប្រទេសនោះហើយ ក៏ទិញយកទំនិញអំពីប្រទេសនោះត្រឡប់មក ធ្វើដំណើរទៅកាន់ក្រុងសាវត្ថី ។