អដ្ឋកថា និទានកថា
ក្បាលទី 41 · ទំព័រ 10
ក្នុងថេរគាថានិងថេរីគាថាទាំងនេះដែលមានចំនួនតាមដែលកំណត់ ហើយយ៉ាងនេះ ថេរគាថាជាគាថាដើម ។ ក្នុងបណ្តាថេរគាថាទាំងនោះគាថា ដែលព្រះអានន្ទពោលទុក ដើម្បីសរសើរព្រះថេរៈទាំងនោះ ក្នុងគ្រាធ្វើបឋម សង្គាយនាថា អ្នកទាំងឡាយ ចូរស្តាប់នូវគាថាទាំងឡាយ ប្រកបដោយ ប្រយោជន៍ របស់ព្រះថេរៈទាំងឡាយ អ្នកមានចិត្តចម្រើន ហើយ កាលបន្លឺឡើងដូចជាសីហៈ ជាសត្វមានចង្កូម ដែល បន្លឺទៀបច្រកនៃភ្នំ ដូច្នេះ ជាគាថាដំបូង ។ សព្ទថា សីហ ក្នុងបទថា សីហានំ ក្នុងគាថានោះ មកហើយក្នុងអត្ថថា ស្តេចម្រឹគ ដូចក្នុងប្រយោគជាដើមថា សីហោ ភិក្ខវេ មិគរាជា ម្នាល ភិក្ខុទាំងឡាយ សត្វសីហៈជាស្តេចម្រឹគ ដូច្នេះ ។ មកក្នុងអត្ថថា បញ្ញត្តិ ដូចក្នុងប្រយោគជាដើមថា អថ ខោ សីហោ សេនាបតិ យេន ភគវា តេនុបសង្កមិ គ្រានោះ សីហសេនាបតីចូលទៅ គាល់ព្រះដ៏មានព្រះភាគ ដូច្នេះ ។