អដ្ឋកថា គាថាព្រះកង្ខារេវតត្ថេរ
គាថារបស់ព្រះកង្ខារេវតៈ មានពាក្យផ្តើមថា បញ្ហំ ឥមំ បស្ស ដូច្នេះជាដើម ។ អត្ថុប្បត្តិហេតុរបស់ព្រះថេរៈកើតឡើងដូចម្តេច ។ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ ព្រះថេរៈនេះ ក៏កើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងនគរហង្សវតី ។ ថ្ងៃមួយ ក្នុង ពេលសម្តែងព្រះធម្មទេសនារបស់ព្រះសម្ពុទ្ធ កុលបុត្តនោះទៅកាន់វិហារមួយ អន្លើដោយមហាជន ដោយន័យដូចពោលហើយខាងដើម ឈរស្តាប់ធម៌ខាង ចុងបរិស័ទ ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុមួយរូបក្នុងតំណែងក្រៃលែងជាង ភិក្ខុទាំងឡាយ ខាងត្រេកអរក្នុងឈាន គិតថា ក្នុងអនាគត អាត្មាអញក៏គួរ ដូចភិក្ខុនេះ ដូច្នេះ ។ ក្នុងកាលចប់ទេសនា និមន្តព្រះសាស្តា ធ្វើមហាស ក្ការៈ ដោយន័យដូចពោលហើយខាងដើមនោះឯង ក្រាបទូលព្រះមានព្រះ ភាគថា បពិត្រព្រះអង្គដ៏ចម្រើន ដោយការធ្វើអធិការនេះ ខ្ញុំព្រះអង្គមិនប្រាថ្នា សម្បត្តិដទៃ រាប់អំពីថ្ងៃនេះទៅក្រោយ ៧ ថ្ងៃ ទ្រង់បានតាំងភិក្ខុរូបនោះក្នុង តំណែងនៃភិក្ខុដែលក្រៃលែងជាងភិក្ខុទាំងឡាយ ខាងសម្លឹងឈាន យ៉ាងណា ក្នុងអនាគតកាល ខ្ញុំព្រះអង្គក៏គប្បីជាកំពូលជាងភិក្ខុទាំងឡាយ ខាងសម្លឹង ឈាន ក្នុងសាសនារបស់ព្រះពុទ្ធអង្គណានីមួយ ដូច្នេះហើយ តាំងសេចក្តី ប្រាថ្នាទុក ។ ព្រះបរមសាស្តា ទ្រង់ប្រមើលមើលអនាគតកាល ទ្រង់ឃើញនូវការសម្រេច ក៏ទ្រង់ព្យាករថា ព្រះពុទ្ធព្រះនាមថាគោតមនឹងកើតឡើងក្នុងទីបំផុត នៃមួយសែនកប្ប ក្នុងអនាគតកាល អ្នកនឹងជាបុគ្គលក្រៃលែងជាងភិក្ខុទាំងឡាយដែលសម្លឹងឈាន ក្នុងសាសនារបស់ព្រះពុទ្ធព្រះនាមថា គោតមនោះ ហើយទ្រង់ចៀសចេញទៅ ។