អដ្ឋកថា គាថាព្រះសីតវនិយត្ថេរ
គាថារបស់ព្រះសម្ភូតត្ថេរ មានពាក្យផ្តើមថា យោ សីតវនំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា រាប់ថយក្រោយអំពីនេះទៅ ១៨០០ កប្ប ព្រះសម្មាសម្ពុទ្ធ ព្រះនាមថា អត្ថទស្សីកើតឡើងក្នុងលោក ញ៉ាំងពួកសត្វលោក មួយអន្លើ ដោយទេវលោកឲ្យឆ្លងឱឃៈធំ គឺសង្សារ ។ ថ្ងៃមួយ ទ្រង់ក៏ដល់ឆ្នេរស្ទឹង គង្គាមួយអន្លើដោយភិក្ខុសង្ឃ ។ ក្នុងគ្រានោះ ព្រះថេរៈកើតក្នុងគហបតីត្រកូល ជួបព្រះមានព្រះភាគត្រង់ឆ្នេរស្ទឹងគង្គារនោះ មានចិត្តជ្រះថ្លា ចូលទៅ គាល់ហើយ ថ្វាយបង្គំ ក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់មាន ពុទ្ធបំណងឆ្លងទៅត្រើយនាយឬ ព្រះសាស្តាត្រាស់ថា តថាគតនឹងទៅ ។ គហបតីនោះក៏រេបោចំទូកថ្វាយក្នុងទីនោះឯង ។ ព្រះបរមសាស្តា កាលទ្រង់ អនុគ្រោះ មួយអន្លើដោយភិក្ខុសង្ឃ យាងចុះកាន់ទូកហើយ កុលបុត្តនោះ ជូនព្រះសាស្តាឆ្លងដោយខ្លួនឯង ញ៉ាំងព្រះមានព្រះភាគ និងភិក្ខុសង្ឃឲ្យដល់ ត្រើយនាយដោយសប្បាយ ហើយថ្វាយមហាទានក្នុងថ្ងៃទី ២ ជូនដំណើរ ព្រះសាស្តា មានចិត្តជ្រះថ្លា ថ្វាយបង្គំហើយត្រឡប់ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ រាប់អំពីភទ្ទកប្បនេះទៅក្រោយ ១៣០០ កប្ប កើតក្នុងត្រកូលក្សត្រ បានជាស្តេចចក្រពត្តិ ជាធម្មិករាជ ទ្រង់ញ៉ាំងពលនិករឲ្យតាំងនៅក្នុងផ្លូវនៃ សុគតិ ចុតិអំពីមនុស្សលោកនេះហើយ បួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ក្នុងកប្បទី ៩១ សមាទានធុតង្គធម៌ នៅក្នុងព្រៃ បំពេញ សមណធម៌ហើយ ។