អដ្ឋកថា ពេលដ្ឋសីសត្ថេរគាថា
គាថារបស់ព្រះពេលដ្ឋសីសត្ថេរ មានពាក្យផ្តើមថា យថាបិ ភទ្ទោ អាជញ្ញោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ កុលបុត្ត នេះកើតក្នុងផ្ទះដែលមានត្រកូល ចូលទៅគាល់ព្រះមានព្រះភាគ ស្តាប់ធម៌ ហើយ កើតនូវសទ្ធា បួសហើយបំពេញសមណធម៌ មិនអាចញ៉ាំងនូវគុណវិសេស ឲ្យកើតបាន ព្រោះមិនមានឧបនិស្សយសម្បត្តិ ។ លោកសន្សំកុសល់ជាច្រើន ដែលជាឧបនិស្ស័យនៃព្រះនិព្វាន អន្ទោលទៅក្នុងទេវតានិង មនុស្សទាំងឡាយ ឃើញព្រះមានព្រះភាគ ព្រះនាមថាវេស្សភូ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ជាអ្នកមានចិត្តជ្រះថ្លា ហើយបានថ្វាយផ្លែក្រូចព្ប្រៃ ។ ។ ដោយបុញ្ញកម្មនោះ លោកកើតក្នុងទេវតានិងមនុស្សទាំងឡាយ សន្សំ បុណ្យហើយ ចូលដល់សុគតិ ចុតិអំពីសុគតិ អន្ទោលទៅមកក្នុងពុទ្ធុប្បាទ កាលនេះ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងនគរសាវត្ថី ។ មុនការត្រាស់ដឹងរបស់ ព្រះមានព្រះភាគ បួសជាតាបសបូជាភ្លើងក្នុងសម្នាក់ឧរុវេលកស្សបៈ ក្នុងកាល ដែលទ្រង់សម្តែងនូវអាទិត្តបរិយាយសូត្រទូន្មានឧរុវេលកស្សបៈ សម្រេចអរហត្តមួយអន្លើដោយជដិល ១០០០ ។ សមដូចគាថាព័ន្ធដែលលោកចងទុក ក្នុងអបទានថា ខ្ញុំបានឃើញនូវព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ឬ ដូចព្រះចន្ទពេញបូណ៌មី ឬក៏ដូចឈើប្រចាំទ្វីបដ៏រុងរឿង ។ ខ្ញុំ មានចិត្តជ្រះថ្លា បានយកផ្លែក្រូចត្លុងទៅថ្វាយព្រះសាស្តាជា ទក្ខិណេយ្យបុគ្គលទ្រង់មានព្យាយាម ដោយដៃរបស់ខ្លួន ។