អដ្ឋកថា គោសាលត្ថេរគាថា

ក្បាលទី 41 · ទំព័រ 214

គាថារបស់ព្រះគោសាលត្ថេរ មានពាក្យផ្តើមថា អហំ ខោ វេឡុគុម្ពស្មឹ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះថេរៈនេះ ជាអ្នកមានបុញ្ញាធិការធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ឃើញបង្សុកូលចីវររបស់ព្រះបច្ចេកពុទ្ធ ព្យួរត្រង់គល់ឈើ ក្បែរភ្នំមួយ មានចិត្តជ្រះថ្លាថា ឱ សំពត់បង្សុកូលនេះ ជាទង់ជ័យនៃព្រះអរហន្ត ដូច្នេះហើយ បូជាដោយផ្កា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើត នៅក្នុងស្ថានតាវត្តិង្ស ។ ចាប់តាំងអំពីនោះ ក៏អន្ទោលទៅក្នុងទេវតានិងមនុស្ស ទាំងឡាយ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលស្តុកស្តម្ភមួយក្នុងដែនមគធៈមាន ឈ្មោះថា គោសាល ។ ព្រោះកុលបុត្តនោះ មានសេចក្តីស្និទ្ធស្នាលជាមួយ ព្រះសោណកោដិកណ្ណ កាលបានឮថា ព្រះសោណកោដិកណ្ណនោះបួសហើយ កើតសេចក្តីសង្វេគថា ឈ្មោះថា សោណកោដិកណ្ណនោះមានសម្បត្តិច្រើន ក៏គង់បួសនឹងពោលទៅថ្វីដល់អាត្មាអញ ដូច្នេះហើយបួសក្នុងសម្នាក់ព្រះមាន ព្រះភាគ រៀនកម្មដ្ឋានដែលសមគួរដល់ចរិតរបស់ខ្លួន កាលស្វែងរកលំនៅ បាននៅត្រង់ភ្នំមួយកន្លែង មិនឆ្ងាយអំពីស្រុកកំណើតរបស់ខ្លួន ។ មាតារបស់ លោកប្រគេនភិក្ខារាល់ៗថ្ងៃ ។ ថ្ងៃមួយ មាតាបានប្រគេនបាយាសដែលចម្អិន ដោយទឹកឃ្មុំនិងស្ករក្រាមដល់ព្រះថេរៈដែលចូលទៅកាន់ផ្ទះដើម្បីបិណ្ឌបាត ។ ព្រះថេរៈទទួលមធុបាយាសនោះហើយ អង្គុយឆាន់ត្រង់គុម្ពបឫស្សីមួយកន្លែង ក្រោមស្រមោលនៃភ្នំនោះ លាងដៃនិងបាត្ររួចចម្រើនវិបស្សនា ។