អដ្ឋកថា ឧត្តិយត្ថេរគាថា

ក្បាលទី 41 · ទំព័រ 247

គាថារបស់ព្រះឧត្តិយត្ថេរ មានពាក្យផ្តើមថា អាពាធេ មេ សមុប្បន្នេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ មានបុញ្ញាធិការធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ជាច្រើន ។ រាប់អំពីភទ្ទកប្បនេះទៅក្រោយ ៩៤ កប្ប ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថា សិទ្ធត្ថ កុលបុត្តនេះកើតជាក្រពើ មានខ្លួនធំសម្បើម ក្នុង ស្ទឹងចន្ទភាគា ។ ក្រពើឃើញព្រះមានព្រះភាគ ត្រង់ឆ្នេរស្ទឹងបំណងនឹងឆ្លងត្រើយ មាន ចិត្តជ្រះថ្លា បំណងនឹងចម្លងព្រះមានព្រះភាគទើបឡើងទៅដេកក្បែរច្រាំង ព្រះមាន ព្រះភាគកាលទ្រង់អនុគ្រោះ ទើបទ្រង់ឈរលើខ្នងក្រពើនោះ ។ ក្រពើ ត្រេកអរដោយសោមនស្ស និងដោយកម្លាំងបីតិ ធ្វើនូវឧស្សាហៈទ្វេគុណ ហែលកាត់ខ្សែទឹក នាំព្រះមានព្រះភាគទៅកាន់ត្រើយនាយ ដោយកម្លាំងដ៏ រហ័ស ព្រះសាស្តាពិចារណាចិត្តជ្រះថ្លារបស់ក្រពើហើយទ្រង់ព្យាករថា ក្រពើ នេះចុតិអំពីភពនេះហើយកើតក្នុងទេវលោក ចាប់អំពីនេះទៅ អន្ទោលទៅក្នុង សុគតិភពតែម្យ៉ាងនឹងសម្រេចអមតធម៌ក្នុងកប្បទី ៩៤ អំពីកប្បនេះ ដូច្នេះ ហើយទ្រង់ក៏យាងទៅ ។ កុលបុត្តនោះអន្ទោលទៅមកតែក្នុងសុគតិភពបុណ្ណោះ ដោយអាការយ៉ាងនោះ ។ ក្នុងពុទ្ធុប្បាទនេះ កើតជាកូនព្រាហ្មណ៍ម្នាក់ក្នុង នគរសាវត្ថី មានឈ្មោះថា ឧត្តិយៈ ។ កុលបុត្តនោះចម្រើនវ័យហើយ គិតថា អញនឹងស្វែងរកអមតធម៌ ក៏ បួសជាបរិព្វាជក ។ ថ្ងៃមួយ ចូលទៅគាល់ព្រះមានព្រះភាគ ស្តាប់ធម៌ហើយ បួសក្នុងសាសនា មិនអាចញ៉ាំងគុណវិសេសឲ្យកើតឡើងបាន ព្រោះសីល ជាដើមមិនបរិសុទ្ធឃើញភិក្ខុដទៃញ៉ាំងគុណវិសេសឲ្យកើត ហើយព្យាករអរហត្តផល ទើបចូលទៅគាល់ព