អដ្ឋកថា សុប្បិយត្ថេរគាថា
គាថារបស់ព្រះសុប្បិយត្ថេរ មានពាក្យផ្តើមថា អជរំ ជីរ មានេន ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលរបស់ព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ កុលបុត្ត នេះកើតក្នុងផ្ទះមានត្រកូល បួសជាតាបសនៅក្នុងដងព្រៃ ឃើញព្រះមាន ព្រះភាគក្នុងដងព្រៃនោះ មានចិត្តជ្រះថ្លា បានថ្វាយផលាផលដល់ព្រះមានព្រះភាគ និងដល់ភិក្ខុសង្ឃ ។ ដោយបុញ្ញកម្មនោះ លោកអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ហើយកើតក្នុងត្រកូលក្សត្រ ក្នុងកាលរបស់ព្រះសម្មាសម្ពុទ្ធ ព្រះនាមថា កស្សបៈ ។ ដល់នូវការដឹងក្តីដោយលំដាប់ បាននូវសេចក្តីសង្វេគ ដោយ អាស្រ័យការគប់រកកល្យាណមិត្ត បួសក្នុងព្រះសាសនា បានជាពហូសូត ព្រះ ថេរៈជាអ្នកលើកខ្លួន សង្កត់សង្កិនអ្នកដទៃ ព្រោះស្រវឹងក្នុងជាតិ និងព្រោះ ស្រវឹងក្នុងសុតៈនោះឯង ។ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលអ្នកយាមព្រៃខ្មោច ជាត្រកូលដែល មនុស្សសន្មតថាជាត្រកូលអន់ថយ ក្នុងនគរសាវត្ថី ដោយផលនៃកម្មនោះ ។ លោកមានឈ្មោះថាសុប្បិយៈ ដល់នូវភាពជាអ្នកដឹងក្តីហើយ ចូលទៅរកព្រះ សោបាកត្ថេរ ដែលជាសម្លាញ់របស់ខ្លួន ស្តាប់ធម៌ក្នុងសំណាក់នៃព្រះសោ បាកត្ថេរនោះហើយ បាននូវសេចក្តីសង្វេគបួសហើយ បំពេញសម្មាបដិបត្តិ បានភាសិតគាថា ថា បុគ្គលអ្នកចាស់គ្រាំគ្រា បានដល់ព្រះនិព្វាន ជាគុណជាតមិន ចាស់គ្រាំគ្រា អ្នកក្តៅក្រហាយ បានដល់ព្រះនិព្វានជាគុណជាតិដ៏ត្រជាក់ ជានិរាមិសសុខ ជាគុណជាតស្ងប់រម្ងាប់ដ៏ក្រៃលែង ជាគុណដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ដូច្នេះ ។