អដ្ឋកថា សោបាកត្ថេរគាថា
គាថារបស់ព្រះសោបាកត្ថេរ មានពាក្យផ្តើមថា យថាបិ ឯកបុត្តស្មឹ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ។ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថា កកុសន្ធៈ កុលបុត្តនេះកើតជា កុដុម្ពិកៈ ។ ថ្ងៃមួយឃើញព្រះបរមសាស្តា មានចិត្តជ្រះថ្លា បង្អោនផ្លែក្រូច ព្រៃចូលទៅថ្វាយដល់ព្រះសាស្តា ។ ព្រះមានព្រះភាគអាស្រ័យសេចក្តីអនុគ្រោះ ទ្រង់ក៏ទទួល ។ កុលបុត្តមានសេចក្តីជ្រះថ្លាក្រៃលែងក្នុងភិក្ខុសង្ឃ ផ្តើម តាំងសលាកភត្ត ប្រគេនខីរភត្តដល់ភិក្ខុ ៣ រូប ដោយតាំងចិត្តឧទ្ទិសជាសង្ឃ ទានរហូតដល់អស់ជីវិត ។ ដោយបុញ្ញកម្មទាំងនោះ កុលបុត្តនោះសោយ សម្បត្តិអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ សម័យមួយ កើតក្នុង កំណើតមនុស្ស បានថ្វាយខីរភត្តដល់ព្រះបច្ចេកពុទ្ធមួយអង្គ ។ លោកធ្វើ បុណ្យច្រើនក្នុងភពនោះៗយ៉ាងនេះ អន្ទោលទៅមកក្នុងសុគតិភពតែម្យ៉ាង ក្នុង ពុទ្ធុប្បាទនេះ បដិសន្ធិក្នុងផ្ទៃស្រីទុគ៌តម្នាក់ ក្នុងនគរសាវត្ថី ដោយផលនៃ កម្មដែលមានក្នុងកាលមុន ។ មាតារបស់កុលបុត្តនោះបរិហារគភ៌អស់ ១០ ខែ កាលគភ៌ចាស់ដោយជុំវិញ ក្នុងកាលប្រសូត មិនអាចប្រសូតបានក៏សន្លប់ ដូចបុគ្គលស្លាប់ហើយ អស់កាលយូរ ។ ញាតិទាំងឡាយយកនាងទៅកាន់ ព្រៃខ្មោច ដោយសម្គាល់ថាស្លាប់ហើយ លើកឡើងដាក់លើជើងថ្ករចៀស ចេញទៅហើយ កាលភ្លៀងតាំងឡើងដោយអំណាចរបស់ទេវតាទើបភ្លើងមិន ឆេះ ទារកជាអ្នកមិនមានរោគ កើតចាកផ្ទៃមាតាដោយអានុភាពរបស់ទេវតា ព្រោះជាបុគ្គលធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្តក្នុងភពចុងក្រោយ ឯ