អដ្ឋកថា បោសិយត្ថេរគាថា
គាថារបស់ព្រះបោសិយត្ថេរ មានពាក្យផ្តើមថា អនាសន្នវរា ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះ ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ជាច្រើន អន្ទោលទៅមកតែក្នុងសុគតិភពបុណ្ណោះ ។ ក្នុងកាលរបស់ព្រះពុទ្ធ ព្រះនាមថា តិស្សៈ ក្នុងកប្បទី ៩២ រាប់អំពីភទ្ទកប្បនេះ កុលបុត្តនេះកើត ជាព្រានម្រឹគនៅក្នុងព្រៃ ។ កាលនោះ ព្រះមានព្រះភាគយាងទៅកាន់ព្រៃ ដើម្បីធ្វើសេចក្តីអនុគ្រោះ បង្ហាញព្រះកាយឲ្យប្រាកដក្នុងគន្លងនៃចក្ខុរបស់ព្រាននោះ ព្រានឃើញព្រះមាន ព្រះភាគមានចិត្តជ្រះថ្លា ដាក់អាវុធចូលទៅគាល់ឈរផ្គងអញ្ជលីហើយ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងបំណងនឹងគង់ ព្រានក៏កាន់យកបាច់ស្មៅមក ក្រាលថ្វាយក្នុងទីដែលរាបស្មើដោយសេចក្តីគោរព ។ ព្រះមានព្រះភាគ ទ្រង់ អាស្រ័យសេចក្តីអនុគ្រោះទើបគង់ ។ កាលព្រះមានព្រះភាគគង់ហើយ ព្រាន ព្រៃសោយបីតិនិងសោមនស្សមិនមែនតិច ថ្វាយបង្គំព្រះមានព្រះភាគ ខ្លួនឯង ក៏អង្គុយក្នុងចំណែកម្ខាង ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ព្រះតម្រិះថា ពូជគឺកុសលមានប្រមាណបុណ្ណេះ សមគួរដល់ព្រាននេះ ។ ទ្រង់ក្រោកចាកអាសនៈ យាងទៅ ហើយ ។ កាលព្រះមានព្រះភាគយាងទៅហើយមិនយូរ រាជសីហ៍មួយបាន សម្លាប់ព្រាននោះ ។ គាត់ស្លាប់ទៅកើតក្នុងទេវលោក ។ ព្រះមានព្រះភាគ ទ្រង់ឃើញហេតុការណ៍ថា បើតថាគតមិនចូលទៅរកព្រាន រាជសីហ៍សម្លាប់ បុរសនោះហើយ បុរសនោះនឹងធ្លាក់នរក ដូច្នេះ ទើបយាងទៅរកដើម្បីអនុគ្រោះឲ្យកើតក្នុងសុគតិ និងដើម្បីបណ្តុះពូជ គឺ កុសល ។