អដ្ឋកថា កុមាបុត្តត្ថេរគាថា
គាថារបស់ព្រះកុមាបុត្តត្ថេរ មានពាក្យផ្តើមថា សាធុ សុតំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះជាអ្នកមានបុញ្ញាធិការធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ កុលបុត្តនេះ បួសជាតាបស ស្លៀកសំពត់ ស្បែកខ្លា ជាអ្នកនៅក្នុងព្រះរាជឧទ្យានក្នុងពន្ធុមតីនគរ ឃើញព្រះមានព្រះភាគ ព្រះនាមវិបស្សីជាអ្នកមានចិត្តជ្រះថ្លាហើយបានប្រគេនប្រេងសម្រាប់លាប ព្រះបាទ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក តាំងអំពីនោះមក លោកអន្ទោលទៅក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូល គហបតីក្នុងវេឡុកណ្តកនគរដែនអវន្តី ។ មនុស្សទាំងឡាយ បានឲ្យឈ្មោះ គាត់ថា នន្ទៈ ឯមាតារបស់នន្ទកុមារនោះ ឈ្មោះថា កុមា ។ ដោយហេតុ នោះ ទើបកុលបុត្តនោះប្រាកដឈ្មោះថា កុមាបុត្ត ។ កុលបុត្តនោះ ស្តាប់ធម៌ ក្នុងសម្នាក់របស់ព្រះសារីបុត្ត បាននូវសទ្ធាហើយបួសធ្វើបុព្វកិច្ចស្រេចហើយ បំពេញសមណធម៌ ត្រង់ចុងភ្នំ មិនអាចញ៉ាំងគុណវិសេសឲ្យកើតឡើងបាន ចូលទៅគាល់ព្រះមានព្រះភាគ ស្តាប់ធម៌ជម្រះកម្មដ្ឋានហើយ នៅក្នុងទីដែល សប្បាយ ញ៉ាំងវិបស្សនាឲ្យចម្រើន ធ្វើឲ្យជាក់ច្បាស់នូវអរហត្តសមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំនៅក្នុងព្រះរាជឧទ្យាន ក្បែរក្រុងពន្ធុមតី កាលនោះខ្ញុំស្លៀក សំពត់ស្បែក ទ្រទ្រង់ល័ក្កចាន់ ។