អដ្ឋកថា កុមាបុត្តសហាយត្ថេរគាថា
គាថារបស់ព្រះកុមាបុត្តសហាយត្ថេរ មានពាក្យផ្តើមថា នានាជនបទំ យន្តិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះមានបុញ្ញាធិការធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកាលនៃ ព្រះមានព្រះភាគព្រះនាមថា សិទ្ធត្ថ ក្នុងកប្បទី ៩៤ រាប់អំពីភទ្ទកប្បនេះកើត ក្នុងផ្ទះមានត្រកូល ចូលដល់ភាពជាអ្នកដឹងក្តីហើយ ចូលទៅកាន់ព្រៃ កាប់កំណាត់ ឈើជាច្រើន ធ្វើឈើច្រត់ប្រគេនសង្ឃ ។ កុលបុត្តនោះធ្វើបុណ្យតាម សមគួរដល់សម្បត្តិដទៃ ហើយកើតក្នុងពួកទេវតា តាំងអំពីនោះមកក៏អន្ទោល ទៅមកក្នុងសុគតិតែម្យ៉ាងបុណ្ណោះ ។ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលដែល ស្តុកស្តម្ភក្នុងវេឡុកណ្តកនគរ មានឈ្មោះថា សុទន្ត ។ អាចារ្យពួកខ្លះហៅ ថា វាសុលៈ ។ កុលបុត្តនេះជាសម្លាញ់ស្និទ្ធស្នាលក្រៃលែងរបស់ព្រះកុមាបុត្តត្ថេរ ធ្លាប់ដើរលេងជាមួយគ្នា ដឹងថាកុមាបុត្តបួសហើយជាអ្នកមានបំណង ចង់បួសដែរ ព្រោះធ្លាប់ស្និទ្ធស្នាលនិងធ្លាប់ជាសម្លាញ់ជាមួយព្រះកុមាបុត្ត គិត ថា កុមាបុត្តបួសហើយក្នុងព្រះធម្មវិន័យណា ព្រះធម្មវិន័យនោះ មាំទាំដោយ ពិត ទើបចូលទៅគាល់ព្រះបរមសាស្តា ។ ព្រះមានព្រះភាគទ្រង់សម្តែងធម៌ ដល់មាណពនោះ គាត់មានឆន្ទៈក្នុងបព្វជ្ជាពន់ប្រមាណ បួសហើយជាអ្នកខ្វល់ខ្វាយ ក្នុងភាវនា នៅខាងចុងភ្នំជាមួយកុមាបុត្តត្ថេរនោះឯង ។ ដោយសម័យ នោះ ភិក្ខុច្រើនរូបត្រាច់ចារិកទៅកាន់ជនបទផ្សេងៗ ទៅខ្លះ មកខ្លះ ចូលដល់ ទីនោះហើយ ដោយហេតុនោះ ទើបកើតកោលាហលត្រង់ចុងភ្នំនោះ ។