អដ្ឋកថា សុមង្គលត្ថេរគាថា
គាថារបស់ព្រះសុមង្គលត្ថេរ មានពាក្យផ្តើមថា សុមុត្តិកោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនោះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាសិទ្ធត្ថ កើតជារុក្ខទេវតា ។ ថ្ងៃមួយ ឃើញព្រះសាស្តាស្រង់ទឹកហើយទ្រង់គ្រងចីវរមួយផ្ទាំង ប្រថាប់ឈរ មាន ចិត្តសោមនស្ស ទើបទះដៃ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្សទាំង ឡាយ ក្នុងពុទ្ធុប្បាទយើងនេះ កើតក្នុងត្រកូលទុគ៌ត ក្នុងស្រុកមួយ មិនឆ្ងាយ អំពីក្រុងសាវត្ថី ដោយផលនៃកម្មដែលឲ្យផលមានសភាពបែបនោះ មាន ឈ្មោះថា សុមង្គល កុលបុត្តនោះចម្រើនវ័យហើយ ជាអ្នកមានកណ្តៀវ មាន នង្គ័ល មានចប ដែលជាសម្បត្តិរបស់បុគ្គលមានខ្នងកោង ជាបរិក្ខារចិញ្ចឹម ជីវិតដោយកសិកម្ម ។ ថ្ងៃមួយ កាលព្រះបាទបសេនទិកោសល បំពេញ មហាទាន ថ្វាយព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ គាត់កាន់ឆ្នាំងទឹកដោះ ជូរដើរជាមួយមនុស្សទាំងឡាយដែលកាន់យកទេយ្យទានដើរមក ឃើញ សក្ការៈនិងការរាប់អានរបស់ភិក្ខុទាំងឡាយ ហើយគិតថា ពួកសមណៈសក្យ បុត្តទាំងនេះ ស្លៀកសំពត់សាច់ម៉ដ្ឋ បរិភោគភោជនល្អ នៅក្នុងសេនាសនៈ មិនមានខ្យល់ កាលណាហ្ន៎អញគប្បីបួស ដូច្នេះហើយ ចូលទៅរកព្រះថេរៈ មួយរូប ប្រាប់បំណងក្នុងការបួសនៃខ្លួន ព្រះថេរៈមានសេចក្តីករុណាឲ្យបួស ហើយប្រាប់កម្មដ្ឋាន ។