អដ្ឋកថា គាថាព្រះសានុត្ថេរ

ក្បាលទី 41 · ទំព័រ 318

គាថារបស់ព្រះសានុត្ថេរ មានពាក្យផ្តើមថា មតំ វា អម្ម រោទន្ត ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈអង្គនោះ ក៏មានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភពនោះៗ ក្នុងកប្បទី ៩៤ រាប់អំពីកប្បនេះ កុលបុត្តនោះ បានថ្វាយទឹក ដើម្បីលាង ព្រះហស្ត ព្រះបាទ និងដើម្បីខ្ពុរព្រះឱស្ឋ ដល់ព្រះមានព្រះភាគ ព្រះនាមថា សិទ្ធត្ថ ។ ក្នុងវេលាសោយ ព្រះសាស្តាមានបំណងលាងព្រះហស្ត និងព្រះបាទ ។ កុលបុត្តនោះ កំណត់អាការរបស់ព្រះសាស្តាហើយ នាំយក ទឹកទៅថ្វាយ ។ ព្រះសាស្តាទ្រង់លាងព្រះហស្តនិងព្រះបាទ ហើយទ្រង់ សោយ មានពុទ្ធបំណងនឹងខ្ពុរព្រះឱស្ឋ កុលបុត្តនោះយល់អាការនោះ ទើប បង្អោនទឹកខ្ពុរព្រះឱស្ឋថ្វាយ ព្រះសាស្តាទ្រង់ខ្ពុរព្រះឱស្ឋហើយ ទ្រង់បញ្ចប់ ការជម្រះព្រះឱស្ឋ ។ ព្រះមានព្រះភាគ ទ្រង់អាស្រ័យសេចក្តីអនុគ្រោះក្នុង វេយ្យាវច្ចកិច្ច ដែលកុលបុត្តនោះធ្វើដោយអើពើសព្វគ្រប់ដោយអាការៈយ៉ាង នេះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យរឿយៗ អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិ ក្នុងផ្ទះឧបាសកម្នាក់ក្នុងនគរសាវត្ថី ។ កាលកុលបុត្តនោះនៅក្នុងផ្ទៃម្តាយ បិតា ក៏ចាកចេញទៅកាន់ទីដទៃ លុះគ្រប់ ១០ ខែ ឧបាសិកាក៏ប្រសូត ហើយដាក់ ឈ្មោះថា សានុ ។ កាលសានុកុមារចម្រើនវ័យដោយលំដាប់ ឧបាសិកា ក៏ឲ្យសានុកុមារ ដែលមានអាយុ ៧ ឆ្នាំបុណ្ណោះបព្វជ្ជាក្នុងសម្នាក់របស់ភិក្ខុទាំងឡាយ ដោយ គិតថាសានុកុមារនេះនឹងជាបុគ្គលមិនមានអន្តរាយ ចម្រើនធំធាត់មានសេចក្តី សុខដោយចំណែកមួយ ដោយ