អដ្ឋកថា រាមណេយ្យកត្ថេរគាថា

ក្បាលទី 41 · ទំព័រ 340

គាថានៃព្រះរាមណេយ្យកត្ថេរ មានពាក្យផ្តើមថា ចិហចិហាភិនទិតេ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កុលបុត្តនេះមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទុកក្នុងភពនោះៗជាច្រើន ។ ក្នុងពុទ្ធុប្បាទរបស់ព្រះមាន ព្រះភាគព្រះនាមថាសិខី កើតក្នុងផ្ទះនៃត្រកូលមួយ លុះដឹងក្តីហើយ ឃើញ ព្រះមានព្រះភាគ មានចិត្តជ្រះថ្លាហើយ បូជាដោយផ្កាទាំងឡាយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក ធ្វើបុណ្យតៗមកហើយ អន្ទោលទៅមកតែក្នុងសុគតិភពបុណ្ណោះ ។ ក្នុងពុទ្ធុប្បាទនេះ កើតក្នុង ត្រកូលដែលស្តុកស្តម្ភក្នុងនគរសាវត្ថី ចម្រើនវ័យហើយ ជាអ្នកមានសេចក្តី ជ្រះថ្លាកើតហើយ ក៏បួសក្នុងកាលដែលព្រះសាស្តាទទួលវិហារឈ្មោះជេតពន រៀនកម្មដ្ឋានដែលសមគួរដល់ចរិត ហើយនៅក្នុងព្រៃ ។ លោកមានឈ្មោះថា រាមណេយ្យកៈ ព្រោះលោកមានគុណសម្បត្តិសមគួរជាបព្វជិត និងមានបដិបទា ដែលគួរជ្រះថ្លា ។ ថ្ងៃមួយ មារបំណងធ្វើឲ្យព្រះថេរៈខ្លាច ទើបស្រែក ដោយសំឡេងគួរខ្លាច ។ ព្រះថេរៈស្តាប់សំឡេងនោះហើយ មិនតក់ស្លុតដោយសំឡេងនោះ ព្រោះភាព ជាអ្នកធ្ងន់ធ្ងរជាប្រក្រតី ដឹងថានេះជាមារ កាលនឹងសម្តែងការមិនតក់ស្លុត ក្នុងសំឡេងនោះ ទើបពោលគាថាដូច្នេះថា ចិត្តរបស់ខ្ញុំនោះមិនញាប់ញ័រព្រោះសម្រែកនៃសត្វរៃ ឬព្រោះ សត្វព្រៃដែលគួរខ្លាចទេ ព្រោះថា ចិត្តរបស់ខ្ញុំ មានអារម្មណ៍ មូលតែមួយ ត្រេកអរមិនដាច់ ( ក្នុងព្រះនិព្វាន ) ដូច្នេះ ។