អដ្ឋកថា កុដិវិហារិត្ថេរគាថា

ក្បាលទី 41 · ទំព័រ 364

គាថារបស់ព្រះកុដិវិហារិត្ថេរ មានពាក្យផ្តើមថា កោ កដិកាយំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា កាលព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ ទ្រង់យាងទៅ តាមអាកាស កុលបុត្តនេះកាន់ក្អមទឹកត្រជាក់ទៅដោយគិតថា អញនឹងថ្វាយ ទឹកជាទាន កើតបីតិសោមនស្ស ងើបមុខឡើងលើ បោះក្អមទឹកឡើងទៅលើ ( អាកាស ) ព្រះសាស្តាទ្រង់ជ្រាបអធ្យាស្រ័យរបស់កុលបុត្តនោះ ទ្រង់ឈរ ក្នុងអាកាស ទទួលក្អមទឹក ដើម្បីចម្រើនបសាទសទ្ធា ។ ដោយការទទួល ទឹកនោះ កុលបុត្តនោះ កើតបីតិនិងសោមនស្សដ៏ខ្លាំងក្លា ។ អត្ថដ៏សេសដូចគ្នា តាមដែលពោលក្នុងរឿងរបស់ព្រះអញ្ជនវនិយត្ថេរទាំងអស់ ។ ឯសេចក្តី ប្លែកគ្នាមានដូច្នេះថា បានឮថា លោកបួសដោយន័យដូចពោលហើយ ធ្វើ បុព្វកិច្ចស្រេចហើយ ខ្វល់ខ្វាយក្នុងវិបស្សនា ក្នុងវេលាល្ងាច ដើរទៅក្បែរ ស្រែ កាលភ្លៀងធ្លាក់ឃើញខ្ទមស្បូវតូចរបស់អ្នកយាមស្រែ ទើបចូលទៅ ហើយអង្គុយលើកម្រាលដែលក្រាលដោយស្មៅក្នុងខ្ទមនោះ ។ គ្រាន់តែលោក អង្គុយក៏បានឧតុជាទីសប្បាយ ខ្វល់ខ្វាយក្នុងវិបស្សនាសម្រេចអរហត្តហើយ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ស្តេចនិមន្តទៅព្ធដ៏អាកាស រុងរឿង ដូចភ្លើងឆេះឆ្នាំងខ្លាញ់ ឬដូចភ្លើងកំពុងឆេះភ្លឺរន្ទាល ។ ខ្ញុំ កាន់យកទឹកដោយដៃ សាចទៅនាអាកាស ព្រះពុទ្ធមានព្យាយាមធំ ប្រកបដោយសេចក្តីករុណាចំពោះខ្ញុំ ទ្រង់ក៏ទទួល្ប នូវ ទឹកនោះ ) ព្រះសាស្តាព្រះនាមបទុមុត្តរៈ ឋិតនៅនាអាកាស ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ហើយទ្រង់សម្តែងគាថាទាំងនេះថា ក្នុង ១ សែនកប្ប អ្នកនឹងមិនទៅកាន់ទុគ្គតិ ដោយការថ្វាយ ទឹកនេះផង ដោយការញ៉ាំងបីតិឲ្យកើតឡើងផង ។